មីយ៉ាន់ម៉ា ៖ មន្ត្រីគណបក្សរបស់លោកស្រី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោធាសហភាពមីយ៉ាន់ម៉ា កំពុងធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិត របស់លោកស្រីអ៊ុង សានស៊ូជី ប្រមុខដឹកនាំលទ្ធិប្រជាធិបតេយ្យដែលជាប់ពន្ធនាគារ ដោយចោទប្រកាន់យោធាពីការដកហូតសិទ្ធការថែទាំសុខភាពរបស់លោកស្រី និងការផ្តល់អាហារ។
លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួន ចាប់តាំងពីក្រុមឧត្តមសេនីយ៍ដណ្តើមអំណាចកាលពីខែកុម្ភះ ឆ្នាំ២០២១ ដោយបញ្ចប់ការពិសោធន៍លទ្ធិប្រជាធិបតេយ្យរយៈពេល១០ឆ្នាំ និងបានធ្វើឲ្យប្រទេសនៅអាស៊ីអគ្នេយ៍មួយនេះ ធ្លាក់ចូលក្នុងភាពវឹកវរដ៏បង្ហូរឈាម។
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថាម្ចាស់ជ័យលាភីរង្វាន់ណូបែល អាយុ៧៨ឆ្នាំរូបនេះមានអការៈវិលមុខ ក្អួតចង្អោរ និងពុំអាចទទួលទានអាហារបានដោយសារតែឈឺធ្មេញ។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បាននិយាយថាយើងព្រួយបារម្ភខ្លាំងដែលលោកស្រីពុំទទួលបានការថែទាំងសុខភាពគ្រប់គ្រាន់ ហើយពួកគេពុំបានផ្តល់ទាំងអាហារធ្វើឲ្យមានសុខភាពល្អ និងទាំងការស្នាក់នៅគ្រប់គ្រាន់ដោយមានបំណងធ្វើឲ្យមានហានីភ័យដល់អាយុជីវិតរបស់លោកស្រី។ សេចក្តីថ្លែងការណ៍និយាយថា ប្រសិនបើសុខភាពរបស់លោកស្រី អ៊ុង សានស៊ូជី នៅប្រសើរ ប៉ុន្តែជីវិតរបស់លោកស្រី មានគ្រោះថ្នាក់ ដែលរបបយោធាត្រូវទទួលខុសត្រូវទាំងស្រុង។

