បង់ក្លាដែស ៖ អគ្គីភ័យដ៏ធំមួយ បានឆាបឆេះហាងលក់ទំនិញរាប់រយកន្លែងនៅផ្សារមួយក្នុងរដ្ឋធានី ដាកា របស់ប្រទេសបង់ក្លាដែស ប៉ុន្តែមិនមានអ្នករងរបួសទេ ខណៈដែលអណ្ដាតភ្លើងបានឆាបឆេះពាសពេញតំបន់នេះនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (១៤កញ្ញា)នេះ មុនពេលហាងបើក។
ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងយោធា និងអ្នកពន្លត់អគ្គីភ័យ ត្រូវចំណាយពេល៦ម៉ោង ដើម្បីទប់ស្កាត់អគ្គីភ័យនេះ ដែលបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារ មហាម៉ាដពួរ (Mohammadpur) ដោយសារតែចំនួនដ៏ច្រើននៃវត្ថុដែលងាយឆេះ ដូចជាប្រេងឆា និងប្លាស្ទិកជាដើម។
វីដេអូពីសាក្សី ដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យ និងមនុស្សម្នាព្យាយាមធ្វើការពន្លត់ភ្លើង។
មន្ត្រីពន្លត់អគ្គិភ័យម្នាក់បាននិយាយថា មិនមានមនុស្សរងគ្រោះក្នុងអគ្គិភ័យនេះទេ ហើយមូលហេតុនៃឧបទ្ទវហេតុនេះ គឺទំនងជាមកពីការឆ្លងចរន្តអគ្គិសនី៕

