អ៊ីតាលី ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានរាយការណ៍កាលពីថ្ងៃពុធ (១៣ កញ្ញា) ថា ទារកអាយុប្រាំខែម្នាក់ បានលង់ទឹកស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះនៅកោះឡាំប៉េដូសា (Lampedusa) របស់ប្រទេសអ៊ីតាលី បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍បានក្រឡាប់។ ទូកដែលចេញពីប្រទេសទុយនីស៊ីមួយគ្រឿងនោះ បានក្រឡាប់ភ្លាមៗ មុនពេលវាត្រូវបានស្ទាក់ចាប់ដោយឆ្មាំល្បាតឆ្នេរអ៊ីតាលី។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកដំណើរផ្សេងទៀតទាំងអស់ត្រូវបានជួយសង្គ្រោះ រួមទាំងម្តាយរបស់ទារកនោះផងដែរ។
សោកនាដកម្មនេះ កើតឡើងនៅពេលដែលការមកដល់នៃជនអន្តោប្រវេសន៍កើនឡើងយ៉ាងខ្លាំងនៅលើកោះ ឡាំប៉េដូសា ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់កោះដ៏តូចមួយនេះក្នុងការទប់ទល់នឹងបញ្ហានេះ។ កោះនេះ គឺជាចំណុចចុងទក្សិណ របស់ប្រទេសអ៊ីតាលី ហើយក៏ជាគោលដៅសំខាន់នៃវិបត្តិអន្តោប្រវេសន៍របស់អឺរ៉ុបជាយូរមកហើយដែរ។
ជារឿយៗ កោះនេះជាច្រកដំបូងនៃការចុះចតសម្រាប់មនុស្សដែលឆ្លងកាត់ពីអាហ្វ្រិកខាងជើងទៅកាន់អឺរ៉ុប។ ភាគច្រើននៃជនអន្តោប្រវេសន៍ដែលមកដល់ទាំងនោះ ស្នាក់នៅមជ្ឈមណ្ឌលទទួលភ្ញៀវរបស់កោះនេះ ដែលមានសមត្ថភាពផ្ទុកមនុស្សជាផ្លូវការប្រហែល៤០០នាក់ប៉ុណ្ណោះ។
ចំនួនទូកជនអន្តោប្រវេសន៍ ដែលមកដល់ប្រទេសអ៊ីតាលី បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំនេះមក ដោយស្ទើរតែទ្វេដងនៃតួលេខដែលបានកត់ត្រាទុក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

