ប្រណាំងកង់៖ កីឡាករម្ចាស់ផ្ទះអ៊ីតាលី Alberto Bettiol បានប្រជែងឈ្នះដំណាក់កាលទី១៨ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈកីឡាករកូឡុំប៊ី Egan Bernal បញ្ចប់ដំណាក់កាលទី១៨ ដោយសុវត្ថិភាព និងបន្តនាំមុខរួមដដែល។

ដំណាក់កាលទី១៨ ដែលមានចម្ងាយផ្លូវឆ្ងាយដល់ទៅ ២៣១គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំង EF Education-Nippo, Alberto Bettiol បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៥ម៉ោង ១៤នាទី ៤៣វិនាទី តាមពីក្រោយ ១៧វិនាទីដោយកីឡាករមិត្តរួមជាតិអ៊ីតាលី Simone Cosonni របស់ក្រុម Cofidis និងលេខ៣ កីឡាករអៀកឡង់ Nicolas Roche របស់ក្រុម DSM។ មិនមានអ្វីប្រែប្រួលឡើយក្នុងការប្រជែងនៅតារាងវេលារួម ដោយអតីតជើងឯក Tour de France, Egan Bernal របស់ក្រុម Ineos Grenadier នៅតែបន្តនាំមុខ ក្រោយបញ្ចប់ដំណាក់កាលដោយសុវត្ថិភាព និងបន្តនាំមុខ ២នាទី ២១វិនាទីលើអ្នកលេខ២ កីឡាករអ៊ីតាលី Damiano Caruso ខណៈកីឡាករអង់គ្លេស Simon Yates លេខ៣ បន្តដេញតាម ៣នាទី ២៣វិនាទី។
ដំណាក់កាលទី១៩ ថ្ងៃសុក្រនេះមានចម្ងាយផ្លូវ ១៦៦គីឡូម៉ែត្រ, ដំណាក់កាលទី២០ ថ្ងៃសៅរ៍ស្អែកមានចម្ងាយផ្លូវ ១៦៤គីឡូម៉ែត្រ និងដំណាក់កាលចុងក្រោយនៅថ្ងៃអាទិត្យ ជាការប្រណាំងយកថេរវេលាផ្ទាល់លើចម្ងាយផ្លូវ ៣០.៣គីឡូម៉ែត្របញ្ចប់នៅទីក្រុង Milan៕
អត្ថបទ៖នាង សុភាវុធ