
ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងសន្តិសុខឥណ្ឌា ៣នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមជីវពលនៅទីក្រុង Anantnag ស្ថិតក្នុងតំបន់កាស្មៀ ។
មនុស្ស ២នាក់ ក្នុងចំណោមអ្នកស្លាប់ គឺជាវរសេនីយឯក និងវរសេនីយត្រីនៃកងទ័ពឥណ្ឌា ហើយម្នាក់ទៀត គឺជាស្នងការរងនគរបាលរដ្ឋចាមមូ និងកាស្មៀ ។
គួរឲ្យដឹងថា តំបន់កាស្មៀ ស្ថិតនៅក្នុងជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយរវាងឥណ្ឌា និងប៉ាគីស្ថាន។ ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ បានប្រកាសសិទ្ធិគ្រប់គ្រងតំបន់មួយនេះទាំងមូល ប៉ុន្តែពួកគេគ្រប់គ្រងដោយផ្នែកប៉ុណ្ណោះ។
ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានធ្វើសង្រ្គាម ៣លើករួចមកហើយ ចាប់តាំងពីពួកគេទទួលបានឯករាជ្យ ក្នុងនោះសង្រ្គាម ២លើក បានកើតឡើងនៅតំបន់ភ្នំហិម៉ាឡៃ ហើយនិងជិតផ្ទុះសង្រ្គាមមួយលើកទៀត ក្រោយការវាយប្រហារដោយគ្រាប់បែកកាលពីខែកុម្ភៈកន្លងទៅ៕