
ក្រុមនគរបាលរដ្ឋ បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា ឃាតករដែលត្រូវបានកាត់ទោស និងរត់គេចខ្លួនចេញពីពន្ធនាគារនៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក កាលពីខែមុន ត្រូវបានចាប់ខ្លួនបានវិញហើយកាលពីថ្ងៃពុធ ក្រោយរត់គេចចេញពីការតាមចាប់ខ្លួនអស់រយៈពេលជិត ២សប្តាហ៍ ហើយនិងធ្វើឲ្យអ្នកស្រុកភិតភ័យនៅតំបន់ជាយក្រោយស្ថិតនៅភាគខាងលិចទីក្រុង Philadelphia ។
លោក Danelo Cavalcante វ័យ ៣៤ឆ្នាំ បានហែកគុកស្រុក Chester ស្ថិតនៅចម្ងាយប្រហែល ៥០គ.មភាគខាងលិចទីក្រុង Philadelphia កាលពីថ្ងៃទី ៣១ ខែសីហា ដោយឡើងតាមចន្លោះជញ្ជាំង ២ដែលបង្កើតជាច្រករបៀងតូចនៅក្នុងសួនច្បារពន្ធនាគារ ហើយនិងឡើងតាមដំបូល ។
ក្រុមនគរបាលទីក្រុង Philadelphia និយាយនៅលើបណ្តាញព័ត៌មានសង្គម X ដែលជាអតីតបណ្តាញព័ត៌មានសង្គម Twitterថា ក្រុមអាជ្ញាធរ ធ្វើសន្និសីទសារព័ត៌មាននៅវេលាម៉ោង ៩ និង ៣០នាទីថ្ងៃនេះ និយាយពីការចាប់ខ្លួនរបស់គាត់។
គួរឲ្យដឹងថា ពិរុទ្ធជនរូបនេះ បានរត់គេចខ្លួន ខណៈពេលរង់ចាំបញ្ជូនចេញពីពន្ធនាគារស្រុក ទៅកាន់មណ្ឌលកែប្រែរដ្ឋ ដើម្បីចាប់ផ្តើមការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតរបស់គាត់ ក្រោយការកាត់ទោសកាលពីដើមខែសីហា សម្រាប់ការសម្លាប់យ៉ាងឃោឃៅលើអតីតមិត្តស្រី ។
រយៈពេលជាង ១សប្តាហ៍ក្រោយការរត់គេចខ្លួននេះ គាត់បានលួចរថយន្តមួយគ្រឿង និងជិះបានចម្ងាយប្រហែល ៤០គ.ម មុនពេលប្លុងចោលរថយន្ត ។ នៅពេលនោះ គាត់កោរពុកចង្ការរបស់គាត់ ហើយគាត់បានលួចកាំភ្លើងវែងមួយដើមផងដែរពីយានដ្ឋានមួយកន្លែង ពេលដែលម្ចាស់ផ្ទះ បានបាញ់គាត់ជាច្រើនគ្រាប់ ។
ក្រុមនគរបាលនិយាយថា អំឡុងពេលគេចខ្លួននេះដែរ លោក Cavalcante បានព្យាយាមទាក់ទងមនុស្សជាច្រើននាក់ ដើម្បីសុំជំនួយ រួមប្អូនស្រីរបស់គាត់ផងដែរ ប៉ុន្តែនាងមិនបានជួយនោះទេ។ ក្រោយមកនាងត្រូវនាំទៅឃុំឃាំង សម្រាប់ការបំពានការធ្វើអន្តោប្រវេសន៍ ៕