
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យជំនាញពាក់ព័ន្ធរួមគ្នាលើការផ្ទេរមុខងារបំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញទៅសហគ្រាសគ្រប់គ្រងសំរាម ដើម្បីភ្នំពេញមានបរិស្ថានស្អាត និងល្អ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យការផ្ទេរមុខងារបំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញទៅសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ ដែលហៅកាត់ ស.ស.ភ បានលឿន ពោលគឺអាចបង្កើតជាសហគ្រាសថ្មីមួយនៅថ្នាក់ក្រោមជាតិបាននៅក្នុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ ។
ការជំរុញនេះបានធ្វើឡើងនាឱកាសដែលឯកឧត្ដម អភិបាលរាជធានីអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពាក់ព័ន្ធនិងការងារនេះ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្ដម ប៉ាក សុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាល ស.ស.ក និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងរ៉ែ និងថាមពល ប្រធានរតនាគាររាជធានីភ្នំពេញ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងអគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការផ្ទេរមុខងារបំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញទៅសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ គឺមានគោលបំណងឱ្យដំណើរការនៃការប្រមូល និងការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ បានកាន់តែល្អប្រសើរជាងមុន ដោយសារថា នៅភ្នំពេញបច្ចុប្បន្ននេះ ប្រជាជនរស់នៅរបៀបស៊ីវីល័យ ដែលទាមទារឱ្យរាជធានីភ្នំពេញជាទីក្រុងស្អាតមានបរិស្ថានល្អ មិនមានសំរាមពាសវាលពាសកាល។
ដើម្បីឱ្យយការងារនេះដំណើរការទៅបានលឿន ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យក្រុមការងារបច្ចេកទេសរតនាគារ និងក្រុមការងារពាក់ព័ន្ធចាប់ដៃគ្នា ទំនុកបំរុងគ្នាធ្វើការនេះ ទើបសហគ្រាសថ្មីរបស់រដ្ឋនៅថ្នាក់ក្រោមជាតិមួយនេះនឹងកើនមានឡើងបានលឿន។ សហគ្រាសនេះរកចំណូលបានតែត្រឹមរួចខ្លួនបានហើយ មិនបាច់ចំណេញក៏បានដែរ សំខាន់ឱ្យតែរាជធានីភ្នំពេញមានបរិស្ថានស្អាត និងល្អ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




