
ទឹកធ្លាប់តែមានច្រើននៅក្នុងបឹង Prespa ស្ថិតនៅក្នុងប្រទេសម៉ាឡេសេដូនីខាងជើង ប៉ុន្តែកម្រិតទឹកបានស្រកចុះអស់ច្រើនរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ហើយបច្ចុប្បន្នវានៅសល់តែដីស្ងួតប៉ុណ្ណោះ ខណៈដែលអ្នកស្រុក ព្រួយបារម្ភពីគ្រោះហន្តរាយធម្មជាតិ ។
បឹង Prespa ស្ថិតនៅចំណុចប្រសព្វព្រំដែនប្រទេស ៣ គឺអាល់បានី ក្រិក និងម៉ាសេដូនីខាងជើង ហើយវាស្ថិតនៅក្នុងចំណោមបឹងដែលមានអាយុកាលវ័យចំណាស់ជាងគេបំផុតនៅអឺរ៉ុប និងជាទីជម្រកដល់សត្វត្រី សត្វស្លាប ថនិកសត្វ និងរុក្ខជាតិជាង ២ពាន់ប្រភេទ ។
កម្រិតទឹកបឹងបច្ចុប្បន្នមានប្រហែល ៨ម៉ែត្រទាបជាងកាលពីចុងទសវត្សរ៍ឆ្នាំ ១៩៧០ ។
លោក Aleksandar Ilievski នៅចាំបានពីកម្រិតទឹកខ្ពស់ជាងនេះ កាលពីរយៈពេលប៉ុន្មានឆ្នាំមុន ។ លោកនិយាយថា លោកធំដឹងក្តីឡើងនៅក្នុងភូមិមួយនេះ ហើយពួកយើងទាំងអស់គ្នាតែងតែមកលោតទឹកលេងនៅទីនេះ ។ កាលពីឆ្នាំ ២០១៨ ពួកយើងលោតទឹកលេងញឹកញាប់ណាស់នៅទីនេះ ពួកយើងលេងបាល់ លេងអ្វីៗគ្រប់បែបយ៉ាង ប៉ុន្តែឥឡូវអ្នកអាចមើលឃើញហើយថាស្ថានភាពមិនល្អទាល់តែសោះ ។ ទឹកបឹងរីងស្ងួតអស់ហើយ ។
ដោយឡែក លោក Vancho Vasilevski គឺជាអ្នកនេសាទមួយរូប និយាយថា ទូករបស់លោកតែងតែបើកកឿងលើបឹងមួយនេះ ។ លោកនិយាយថា ក្នុងរយៈពេល ២-៣ខែកន្លងមកនេះ ទឹកបឹងបានស្រកអស់ ៣៦សង់ទីម៉ែត្រ ហើយ២-៣ថ្ងៃកន្លងមកនេះ កម្រឹតទឹកបឹងប្រហែលជាស្រកអស់ ២-៣សង់ទីម៉ែត្រទៀត ។ វាកាន់តែស្រកអស់ច្រើន ។ គ្មានភ្លៀងនោះទេ គ្មានរដូវរងារ គ្មានព្រិកធ្លាក់ គ្មានទន្លេ ។ មានតែទន្លេមួយគត់ហូរកាត់បឹងមួយនេះ គ្មានការផ្គត់ផ្គង់ទឹកផ្សេងទៀតដល់បឹងនោះទេ ។ មានតែគ្រោះមហន្តរាយ គឺគ្រោះមហន្តរាយធម្មជាតិ ។
កាលពីឆ្នាំ ២០២២ អង្គការ NASAនិយាយថា រូបភាពផ្កាយរណបឃើញបឹងបាត់បង់ផ្ទៃទឹក ៧ភាគរយ និងបាត់បង់ទំហំរបស់វាពាក់កណ្តាលចន្លោះពីឆ្នាំ ១៩៨៤ និងឆ្នាំ ២០២០ ៕