ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនិងក្រុមហ៊ុនសាងសង់ផ្លូវ SCG បានបើកការធ្វើកំណាយសង្គ្រោះស្ថានីយទួលអស់លោក ដើម្បីបុព្វហេតុជាតិ និងប្រវតិ្តសាស្ត្រ ស្ថិតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រយៈពេលនៃការអនុវត្តគម្រោង ចាប់ពីថ្ងៃទី១៩ ខែឧសភា រហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១(រយៈពេល៣សប្តាហ៍)។
លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា បានឲ្យដឹងថា ស្ថានីយទួលអស់លោក ត្រូវបានអ្នកជំនាញស្វែងយល់ជាបឋមថា ជាទួលមួយ ស្ថិតនៅក្នុងចំណោមទួលបី នៅជិតគ្នា។ ដូច្នេះរចនាសម្ព័ន្ធនៃការរស់នៅរបស់មនុស្សនៅក្នុងសម័យដើម មានជាកន្លែងកប់សព កន្លែងគោរពបូជា និងភូមិមនុស្សរស់នៅ។
លោក បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា ជាប្រទេសអច្ឆរិយ សម្បូរទៅដោយវប្បធម៌ជ្រៅជ្រះ មកដល់បច្ចុប្បន្ននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះបញ្ជីស្ថានីយ ឬហៅថាបុរាណដ្ឋាន បានចំនួនជាង៦៤០០។ ដូច្នេះក្នុងចំណោមជាង៦៤០០នេះ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តសាស្ត្រ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកំណត់ដែនរក្សាការពារ បានចំនួនរហូតដល់ជិត២០០០(ធ្វើការកំណត់រួច និងទុកឱកាសឲ្យប្រជាជន ដើម្បីធ្វើការអភិវឌ្ឍន៍ និងលើក តម្កើងសេដ្ឋកិច្ចជាតិ)។ ដោយឡែកស្ថានីយផ្សេងទៀត ក្រសួងកំពុងតែបន្តផ្ទៀងផ្ទាត់វាយតម្លៃ ឲ្យដឹងថាស្ថានីយដែលនៅសេសសល់ វាជាស្ថានីយប្រភេទណា។ ជាពិសេសក្នុងប្រវតិ្តសាស្ត្ររបស់កម្ពុជា ស្ថានីយចែកចេញជាបី ទី១.ស្ថានីយកប់សព, ទី២.ស្ថានីយមនុស្សរស់នៅ និងទី៣.ស្ថានីយគោរពបូជា។
ជាចុងក្រោយក្នុងនាមក្រសួងវប្បធម៌ លោក វឿន វុទី្ធ អំពាវនាវដល់ប្រជាជន និងយុវជនជំនាន់ក្រោយ ត្រូវចេះស្រលាញ់វប្បធម៌របស់ខ្លួន កាលណាចេះស្រលាញ់វប្បធម៌របស់ខ្លួន គឺយើងចេះស្រលាញ់គ្នា ចេះគោរពគ្នា ហើយធ្វើឲ្យប្រទេសជាតិយើង គ្មានជម្លោះផ្លូវចិត្ត ផ្លូវកាយ ទន្ទឹមនឹងនោះការគ្មានជម្លោះនេះហើយវាបណ្តាលឲ្យសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខំរកបានមកជូនប្រទេសជាតិនេះ វាបន្តឲ្យការអភិវឌ្ឍន៍កាន់តែលឿនថែមទៀត៕
អត្ថបទ រដ្ឋា





