
ក្រុមសកម្មជន និងក្រុមអ្នកសារព័ត៌មាននិយាយថា កាលពីថ្ងៃពុធម្សិលមិញ គ្រាប់កាំភ្លើងត្រូវបានបាញ់ប្រហារទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅទីក្រុងភាគខាងត្បូង Sweida ប្រទេសស៊ីរី ដែលជាករណីផ្ទុះអាវុធលើកដំបូងគេត្រូវបានរាយការណ៍ អំឡុងបាតុកម្មរយៈពេលច្រើនសប្តាហ៍នៅទីនោះ។
ក្រុមសកម្មជន ដែលបានចូលរួមដង្ហែក្បួនតាមដងផ្លូវទាមទារឲ្យលោកប្រធានាធិបតី Bashar al-Assad លាលែងពីតំណែងដោយសារស្ថានភាពការរស់នៅរបស់ពួកគេកាន់តែអាក្រក់ទៅនោះ បានចោទប្រកាន់សមាជិកគណបក្សកាន់អំណាច Ba'ath ថាជាអ្នកបាញ់ប្រហារទៅលើហ្វូងបាតុករ។
នៅក្នុងវីដេអូដែលបានបង្ហោះលើអនឡាញដោយក្រុមសកម្មជន Sweida24 ឃើញមនុស្សរត់ចេញពីច្រកចូលអគារ ពេលដែលស្នូរគ្រាប់កាំភ្លើងច្រើនគ្រាប់ បានបន្លឺឡើង ។
ក្រុមសកម្មជន Sweida24និយាយថា មនុស្ស ៣នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
អគារនោះ គឺជាទីស្នាក់ការកណ្តាលក្នុងស្រុករបស់គណបក្ស Ba'ath ហើយក្រុមបាតុករ បានព្យាយាមបិទទីស្នាក់ការកណ្តាលមួយនេះ។
គួរឲ្យដឹងថា ក្រុមបាតុករ បានបង្ខំឲ្យបិទទ្វារទីស្នាក់កណ្តាលកណ្តាលមួយនេះ ម្តងរួចមកហើយកាលពីចុងខែសីហា ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ផ្ទៀងផ្ទាត់បានថាទីតាំងមួយនេះ ជាទីស្នាក់ការកណ្តាលបក្ស Ba'ath ក្នុងស្រុក ដោយធ្វើការប្រៀបធៀបអគារ ដើមឈើ និងជណ្តើរជាមួយនឹងរូបភាពផ្កាយរណប ។
សូមបញ្ជាក់ថា ជម្លោះបានផ្ទុះនៅប្រទេសស៊ីរី កាលពីឆ្នាំ ២០១១ ជាមួយនឹងបដិវត្តន៍ពណ៌ប្រឆាំងនឹងលោក Assad នៅតំបន់ភាគខាងត្បូងប្រទេស ហើយភ្លាមៗនោះ វាបានរុញច្រានឲ្យពួកគេ ធ្លាក់ក្នុងសង្រ្គាមស៊ីវិល ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ បាត់បង់ជីវិត និងមនុស្សរាប់លាននាក់ផ្សេងទៀត ជម្លៀសខ្លួនក្នុងប្រទេស និងក្រៅប្រទេស ៕