
នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki និងនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Han Duck-Soo បានឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និតកើនឡើងរវាងប្រទេសទាំង ២ ស្របពេលដែលពួកគេបានជួបគ្នានៅមូលដ្ឋានយោធា ស្ថិតនៅតំបន់ភាគខាងកើតទីក្រុងវ៉ាសូវី ។
លោក Morawiecki និងលោក Duck-Soo បាននិយាយទៅកាន់សារព័ត៌មាននៅមូលដ្ឋានទ័ពទីក្រុង Minsk Mazowiecki ដោយពួកលោក ឈរនៅមុខយន្តហោះចម្បាំង FA-50 របស់កូរ៉េខាងត្បូង ។
កាលពីឆ្នាំមុន ប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់ទីក្រុងវ៉ាសូវី នូវយន្តហោះចម្បាំង FA-50 ចំនួន ៤៨គ្រឿង ស្របពេលដែលពួកគេព្យាយាមពង្រឹងយោធា ដើម្បីទប់ទល់នឹងក្តីកង្វល់សន្តិសុខពាក់ព័ន្ធនឹងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ។
យន្តហោះចម្បាំង FA-50 នឹងត្រូវជំនួសយន្តហោះចម្បាំង MiG-29 ដែលបច្ចេកវិទ្យារបស់វាមានតាំងពីសម័យសូវៀតមកម្ល៉េះ និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងធំទូលាយជាងមុនរវាងប្រទេសទំាង ២ ដែលរួមទាំងជើងទម្របាញ់រ៉ុក្កែត Chunmoo រាប់រយគ្រឿង រថក្រោះ K2 និងកាំភ្លើងធំស្វ័យបាញ់ ។
កិច្ចព្រមព្រៀងដែលជាកិច្ចព្រមពៀងយោធាធំបំផុតពុំធ្លាប់ដែលមានរបស់កូរ៉េខាងត្បូង បានធ្វើឲ្យទីក្រុងសេអ៊ូលក្លាយជាប្រទេសផ្តល់អាវុធធំដល់អឺរ៉ុប ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនចាប់ផ្តើម ជាមួយនឹងការលក់គ្រឿងយុទ្ធោបករណ៍ឲ្យប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ នូវរថក្រោះ និងកាំភ្លើងធំស្វ័យបាញ់ជាង ១.៦០០គ្រឿង និងយន្តហោះចម្បាំងជិត ៥០គ្រឿង ៕