
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាព្រលប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបង្ហោះសារបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់របស់សម្ដេចទៅទៀត។ ខណៈផ្ទុយពីការគិតរបស់សម្ដេចនាយករដ្ឋមន្ត្រីរូបនេះ បានចេញដំណើរដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែកទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេសនៅលើឆាកអន្តរជាតិថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។
សម្ដេចបានបញ្ជាក់ថា សម្ដេចកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង ៣៨ ឆ្នាំ សម្ដេចតេជោបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់សម្ដេចទៅទៀត។
សម្ដេចតេសជោអះអាងថា មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះសម្ដចបានគិតថាត្រូវប្រើពេលប្រមាណ ៣ ខែ ទើបនាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។ ប៉ុន្ដែផ្ទុយពីការគិតរបស់សម្ដេចនាយករដ្ឋមន្ត្រីរូបនេះ ចេញដំណើរដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃនេះ និងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយ។
សម្ដេចតេជោបញ្ជាក់ថា៖«កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»៕ ដោយ ៖ វ៉ន ដារា




