
រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire ( ប៊្រូណូ ឡឺមែរ)កាលពីថ្ងៃពុធ បានស្វាគមន៍ការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនលើរថយន្តអគ្គិសនីចិន ដែលត្រូវបានធ្វើឡើងដោយគណកម្មការសហភាពអឺរ៉ុប ។
លោក Le Maire បាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងប៊ែរឡាំង ជាមួយសមភាគីអាល្លឺម៉ង់ លោក Robert Habeck ដែលបានចែករំលែកទស្សនៈតែមួយថា អឺរ៉ុបត្រូវការការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ។
ដោយឡែក លោក Habeck និយាយដែរថា បើសិនជាការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប បង្ហាញថាមានការបំពានបទបញ្ជាប្រកួតប្រជែងទ្រង់ទ្រាយធំ វិធានការត្រូវការធ្វើឡើង ។
គួរឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ គណកម្មការអឺរ៉ុប បានបើកការស៊ើបអង្កេតចំពោះករណីថាតើត្រូវដាក់ទណ្ឌកម្មពន្ធ ឬយ៉ាងណាដើម្បីការពារក្រុមហ៊ុនផលិតរថយន្តសហភាពអឺរ៉ុប ប្រឆាំងនឹងការនាំចូលរថយន្តអគ្គិសនី(EV) របស់ចិន ដែលពួកគេនិយាយថា ទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនដ៏ច្រើនលើសលប់របស់រដ្ឋ ៕