
ក្រសួងការបរទេសបារាំង បាននិយាយថា អាជ្ញាធរនីហ្សេ បានដោះលែងពលរដ្ឋបារាំងម្នាក់ ដែលត្រូវបានឃុំខ្លួនជិតមួយសប្តាហ៍។
សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា លោក Stephane Jullien ដែលដើរតួជាអ្នកតំណាងឲ្យជនបរទេសបារាំងនៅនីហ្សេ និងជាអ្នកទំនាក់ទំនងសេវាការទូតបារាំង ត្រូវបានដោះលែង កាលពីថ្ងៃពុធ។ លោកត្រូវបានគេចាប់ខ្លួន កាលពីថ្ងៃទី៨ ខែកញ្ញា។
របបយោធាមួយ បានឡើងកាន់អំណាចនៅចុងខែកក្កដា ដោយផ្តួលរំលំប្រធានាធិបតី Mohamed Bazoum។ ប្រទេសបារាំងពុំទទួលស្គាល់របបយោធាដែលបានទាមទារឲ្យដកទ័ពបារាំងចេញ និងបានគំរាមដកឯកអគ្គរដ្ឋទូតបារាំងចេញនោះទេ ជាការទាមទារដែលលោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង(Emmanuel Macron) បានច្រានចោល។
មេដឹកនាំយោធាថ្មីរបស់នីហ្សេ បានចោទប្រកាន់បារាំងពីបទប្រមូលផ្តុំកងកម្លាំងសម្រាប់ការធ្វើអន្តរាគមន៍យោធា ដែលអាចកើតមាន នៅក្នុងប្រទេសនេះ បន្ទាប់ពីរដ្ឋប្រហារ កាលពីខែកក្កដា។