ភ្នំពេញ ៖ កម្ពុជានាំទំនិញចេញកាន់ប្រទេសថៃ មានតម្លៃ ៤០២លានដុល្លារ ក្នុងរយៈពេលបួនខែដើមឆ្នាំ២០២១ ថយចុះ ៤១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
យោងតាមតួលេខពីក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេលបួនខែ ឆ្នាំ២០២១ កម្ពុជាបាននាំចូលទំនិញពីប្រទេសថៃ មានតម្លៃសរុប ២ ២៩២លានដុល្លារ ថយចុះ៥,៨ ភាគរយ។ ទំហំពាណិជ្ជកម្មទ្វេភាគី មានតម្លៃសរុប ២ ៦៩៤លានដុល្លារ ថយចុះ១៣ ភាគរយ។ ផលិតសំខាន់ៗកម្ពុជានាំចេញទៅកាន់ប្រទេសថៃ ភាគច្រើនជាផលិតផលកសិកម្ម ចំណែកកម្ពុជានាំចូលពីប្រទេសថៃ មានដូចជាផលិតផល ប្រេងឥន្ធនៈ ជីកសិកម្ម អាហារ គ្រឿងសំណង់ រថយន្ត ភេសជ្ជៈ និងគ្រឿងសំអាង។
ទាក់ទងនឹងការជំរុញពាណិជ្ជកម្មទេ្វភាគី និងការជំរុញវិនិយោគទ្វេភាគី ស្ថានទូតកម្ពុជាប្រចាំនៅប្រទេស ថៃបានដាក់ដំណើរការក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ។ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ មានប្រសាសន៍ថា វត្តមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំប្រទេសថៃ គឺជាការបើកទំព័រសករាជថ្មី សម្រាប់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ថៃ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលបានបង្ករវិទ្ធង្សនាកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ រយៈពេលជាង ១ឆ្នាំ នេះ។
ឯកឧត្តមឯកអគ្គរាជទូត លើកឡើងពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ទល់វិបត្តិជំងឺកូវីដ-១៩ សំដៅកសាងភាពធន់នៃសេដ្ឋកិច្ចឡើងវិញ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ការបង្កើត និងចូលរួមប្លុកពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ព្រមទាំងការធ្វើវិសោធនកម្មច្បាប់វិនិយោគ និងកំណែទម្រង់ផ្សេងៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅក្នុងប្រទេស។
ក្នុងឆ្នាំ២០២០ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃ មានតម្លៃ ៧,២ពាន់លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់សរុប ១,១ពាន់លានដុល្លារ ធ្លាក់ចុះ៤៩ភាគរយ៕
អត្ថបទ៖ វណ្ណៈ
