
នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau កាលពីថ្ងៃពុធ (ទី១៣ ខែកញ្ញា) បានច្រានចោលគំនិត ដែលថា រូបលោកអាចនឹងលាលែងពីតំណែង ដោយសារតែចំនួនបោះឆ្នោតទាប ដោយនិយាយថា លោកនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ប៉ុន្តែបានទទួលស្គាល់នូវការត្ងូញត្អែរជាសាធារណៈអំពីការចំណាយនៃការរស់នៅប្រចាំថ្ងៃ។
ការស្ទង់មតិបង្ហាញថា បន្ទាប់ពីឡើងកាន់អំណាចរយៈពេល ៩ឆ្នាំមក គណបក្សសេរីនិយមលម្អៀងទៅឆ្វេងនិយម កំពុងមានសំឡេងគាំទ្រតិចជាងឆ្ងាយពីគណបក្សអភិរក្សនិយម ដែលជាគណបក្សប្រឆាំងផ្លូវការ ហើយនឹងរងបរាជ័យជាមិនខាន ប្រសិនបើការបោះឆ្នោតមួយ ត្រូវបានធ្វើឡើង នាពេលនេះ។
តែបើទោះបីជាលោក Trudeau មានកិច្ចព្រមព្រៀងជាមួយគណបក្សតូច គឺគណបក្សប្រជាធិបតេយ្យថ្មីកណ្តាលលម្អៀងទៅឆ្វេងនិយម ដែលនឹងអនុញ្ញាតឲ្យគណបក្សរបស់លោកគ្រប់គ្រងប្រទេស រហូតដល់ខែតុលា ឆ្នាំ២០២៥ ក៏ដោយ ក៏កិច្ចព្រមព្រៀងនេះ គឺមិនមានកាតព្វកិច្ចផ្លូវច្បាប់ ហើយអាចដួលរលំមុនកាលកំណត់។
លោក Trudeau បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង London រដ្ឋ Ontario ថា៖ «យើងនៅសល់ ២ឆ្នាំទៀតពីការបោះឆ្នោតបន្ទាប់។ ខ្ញុំកំពុងបន្តធ្វើការងាររបស់ខ្ញុំ។ មានការងារសំខាន់ៗជាច្រើន ដែលត្រូវបំពេញ ខ្ញុំនៅតែមានភាពអន្ទះសា និងមិនចេះហត់នឿយទាល់តែសោះ នៅពេលដែលបានបំពេញការងារទាំងនោះ»។
យ៉ាងណាក្ដី ក្រុមអភិរក្ស បានចោទប្រកាន់លោក Trudeau ថា បានជំរុញអតិផរណាកើនឡើង តាមរយៈអ្វីដែល ពួកគេហៅថា ការចំណាយរបស់រដ្ឋាភិបាលដោយមិនប្រុងប្រយ័ត្ន ហើយត្អូញត្អែរថា តម្លៃលំនៅឋាន កំពុងតែឡើងខ្ពស់ឡើងៗ រហូតដល់មិនអាចលៃលកទិញបាន។ តែសមាជិកសភារបស់គណបក្សសេរីនិយម ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមរបស់លោក Trudeau មិនមានផែនការនោះឡើយ ក្នុងការប្រឆាំងនឹងការវាយប្រហាររបស់ក្រុមអភិរក្សនិយម ដែលផ្តោតលើការចំណាយខ្ពស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ៕