
រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែកញ្ញា) នេះ ថា ខ្លួននឹងផ្ដល់នូវទឹកប្រាក់ចំនួន ២០០លានផោន (២៥០លានដុល្លារ) ដែលជាមូលនិធិបន្ថែមដល់សេវាសុខភាពជាតិ (NHS) ដើម្បីជួយបង្កើនភាពធន់របស់ស្ថាប័ននេះ អំឡុងរដូវរងាដ៏មមាញឹក។
នាយករដ្ឋមន្រ្តី លោក Rishi Sunak បានយកបញ្ជីរង់ចាំរបស់អ្នកជំងឺ នៅ NHS ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពកំពូល៦ របស់លោក នៅមុនការបោះឆ្នោតជាតិ ដែលរំពឹងថា នឹងកើតមាននៅឆ្នាំក្រោយ។ មនុស្សជាង ៧,៥លាននាក់ នៅប្រទេសអង់គ្លេស ស្ថិតក្នុងបញ្ជីរង់ចាំព្យាបាល នៅមន្ទីរពេទ្យ។
NHS ដែលគ្រប់គ្រងដោយរដ្ឋ និងដែលមានអាយុកាល ៧៥ឆ្នាំហើយនោះ បាន និងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកជំងឺ ការកើនឡើងនៃចំនួនមនុស្សចាស់ និងអ្នកជំងឺ ហើយនិងតម្លៃថ្នាំ និងការព្យាបាលថ្មី។ ផែនការអាជីវកម្ម ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ (ទី១២ ខែកញ្ញា) ដោយ NHS England ដែលជាផ្នែកធំបំផុតរបស់ NHS បានដាក់ចេញនូវថវិការបស់ខ្លួន សម្រាប់ឆ្នាំ២០២៣-២០២៤ ចំនួន ១៦៨,៨ពាន់លានផោន។
ជំងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់ដល់ប្រព័ន្ធ ដែលជួបបញ្ហារួចទៅហើយ ហើយសេវាកម្ម ត្រូវបានរអាក់រអួលបន្ថែមទៀត នៅឆ្នាំមុន ដោយសារការធ្វើកូដកម្មជាបន្តបន្ទាប់ ជុំវិញប្រាក់ឈ្នួលរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំសុខភាពផ្សេងទៀត៕