
ទឹកជំនន់ដ៏អាក្រក់ នៅក្នុងប្រទេសលីប៊ី បាននាំមកនូវសោកនាដកម្មថ្មីដល់គ្រួសារប៉ាឡេស្ទីន ដែលបានតាំងទីលំនៅ ក្នុងប្រទេសនេះ បន្ទាប់ពីភៀសខ្លួនចេញពីតំបន់ហ្គាហ្សា អំឡុងសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៦៧។
សមាជិក ២នាក់នៃគ្រួសារ Abu Amra ដោយមានឪពុកម្នាក់ និងកូនប្រុសម្នាក់ បានស្លាប់ ហើយសាច់ញាតិ ១២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីខ្យល់ព្យុះ បានបោកបក់បំបាក់ទំនប់វារីអគ្គិសនី ដោយហូរនាំយកអគារជាច្រើន និងបំផ្លិចបំផ្លាញអស់មួយភាគបួននៃទីក្រុង Derna ដែលមានទីតាំងនៅភាគខាងកើតប្រទេសលីប៊ី។
លោក Fayez Abu Amra វ័យ ៥៤ឆ្នាំ ដែលជាគ្រូបង្រៀនផ្នែកសាសនាឥស្លាម នៅសាកលវិទ្យាល័យ Al-Aqsa នៃតំបន់ហ្គាហ្សា ស្ថិតនៅក្នុងចំណោមសមាជិកគ្រួសារ ដែលបានរួចរស់ជីវិតពីសង្រ្គាមចំនួន ៤ដង ជាមួយអ៊ីស្រាអែល ស្រាប់តែអ្នកមួយចំនួន ដែលបានផ្លាស់ទៅរស់នៅលីប៊ី ដើម្បីស្វែងរកជីវិតប្រសើរជាងមុន បែរជាមកបាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិទៅវិញ។
សូមបញ្ជាក់ថា ទីក្រុង Derna របស់ប្រទេសលីប៊ី បានរងការបំផ្លិចបំផ្លាញ នៅពេលដែលទឹកដោយសារព្យុះ បានហូរហៀរលើទំនប់វារីអគ្គិសនីចំនួន២ ដែលបង្កើតបានជាទឹកជំនន់ហូរកាត់កណ្តាលទីក្រុង កាលពីព្រឹកថ្ងៃចន្ទ (ទី១១ ខែកញ្ញា) និងបានធ្វើស្រុកទាំងមូលក្លាយជាសមុទ្រ។
តែយ៉ាងណាក្ដី ចំនួនអ្នកស្លាប់ដែលផ្តល់ដោយមន្ត្រីលីប៊ី មិនមានភាពស្របគ្នានោះទេ ទោះបីជាទាំងអស់មានចំនួនរាប់ពាន់នាក់ក៏ដោយ។ ចំនួនអ្នកបាត់ខ្លួន ត្រូវបានគេប៉ាន់ស្មានថា ប្រមាណជា ១០.០០០នាក់៕