ភ្នំពេញ ៖ លោកស្រី បណ្ឌិត Laurence Baril (ឡូរ៉ង់ បារ៉ែល)នាយិកានៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឆ្លើយតបសកម្ម និងមានភាពបត់បែន បានរហ័សទៅនឹងវិបតិ្តសុខភាពបង្កដោយជំងឺឆ្លងនានា។
ការថ្លែងរបស់លោកស្រី បណ្ឌិត Laurence Baril យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងប្រចាំឆ្នាំ២០២០ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃទី២៧ ខែឧសភា។ លោកស្រីបន្តថា ដោយ សារតែការរាតត្បាតនៃជំងឺកូវីដ-១៩ រួមជាមួយការរឹតត្បិតលើការធ្វើដំណើរ កិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនង ត្រូវរៀបចំទាំងតាមរយៈការជួបផ្ទាល់ផង និងតាមរយៈវីដេអូសន្និសីទផង អាស្រ័យទៅតាមកាលៈទេសៈ នៃអ្នកចូលរួមម្នាក់ៗ។
លោកស្រីបណ្ឌិត បានបន្តថា ក្នុងឆ្នាំ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឈរនៅក្នុងចំណោមស្ថាប័នជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីគាំទ្រដល់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ នៅក្នុងខែមេសា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក បានកំណត់យកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមនី្ទរពិសោធន៍បង្គោលមួយ ក្នុងចំណោមមនី្ទរពិសោធន៍បង្គោលសម្រាប់វីរុសកូវីដ-១៩ ក្នុងពិភពលោក ដើម្បីដោះស្រាយលើហានិភ័យផ្នែកសុខភាពសាធារណៈ បង្កដោយសារការរាតត្បាតជំងឺកូវីដ-១៩ ដែលនេះ គឺជាការទទួលស្គាល់គួរឲ្យកត់សម្គាល និងជាកិត្តិយសសម្រាប់វិទ្យាស្ថាន ក៏ដូចជា សម្រាប់ប្រទេសកម្ពុជា។
លោកស្រី បណ្ឌិត បានបង្ហាញអំពីលទ្ធផលវិទ្យាសាស្ត្រសំខាន់ៗជាច្រើន ក្រៅពីជំងឺកូវីដ-១៩ ដែលសម្រេចបានកាលពីឆ្នាំ២០២០ ដូចជាជំងឺគ្រុនឈាម ជំងឺឈីក ជំងឺឆ្កែឆ្កួត ជំងឺគ្រុនចាញ់ ភាពស៊ាំនឹងថ្នាំផ្សះ ជំងឺរបេង ជំងឺផ្តាសាយតាមរដូវ ជំងឺផ្តាសាយបក្សី ជំងឺថ្លើម មេរោគអេដស៍/ជំងឺអេដស៍ និងការសិក្សាអំពីបាណកសាស្ត្រ។ ផ្នែកសំខាន់មួយនៃសមិទ្ធផលទាំងនេះ គឺកើតចេញពីកិច្ចសហប្រតិបតិ្តការដ៏មានប្រសិទ្ធភាព និងយូរអង្វែងជាមួយក្រសួងសុខាភិបាល(សុខភាពមនុស្ស) និងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (សុខភាពសត្វ) ព្រមទាំងដៃគូថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់អន្តរជាតិជាច្រើនផ្សេងទៀត និងមនី្ទរពេទ្យនានា។ ជាពិសេសវិទ្យាស្ថានប៉ាស្ទ័រ បានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមត្ថភាព និងការបណ្តុះបណ្តាល និស្សិតកម្ពុជា និងអន្តរជាតិ។ គំរូការងាររបស់វិទ្យាស្ថាន មានភាពស្របគ្នាទៅនឹងបេសកកម្ម ក៏ដូចជាគុណតម្លៃរបស់វិទ្យាស្ថានផ្សេងៗទៀត នៃបណ្តាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ។
ជាមួយគ្នានោះដែរឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងកោតសរសើរវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាមួយក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ព្រមទាំងបានវិវត្តន៍ខ្លួនក្លាយជាមនី្ទរពិសោធន៍បង្អែកសកលមួយ ក្នុងការដោះស្រាយនូវហានិភ័យសុខភាពសាធារណៈឲ្យកាន់តែប្រសើរ និងជៀសផុតពីជំងឺរាតត្បាតកូវីដ-១៩។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (ហៅកាត់ IPC) គឺជាវិទ្យាស្ថានស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដំណើរការប្រតិបតិ្តការ ការងាររបស់ខ្លួនក្រោមឱវាទរបស់ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រ(ទីក្រុងប៉ារីស ប្រទេសបារាំង)៕
អត្ថបទ រដ្ឋា




