មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបន្តដំណើរទស្សនកិច្ចដែលមិននឹកស្មានដល់របស់លោក ក្នុងប្រទេសរុស្ស៊ីរយៈពេលប៉ុន្មានថ្ងៃទៀត ជាទីដែលលោកបានជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយគេសង្ស័យថាជាកិច្ចព្រមព្រៀងលក់អាវុធ។
មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការយោធាកាលពីថ្ងៃពុធ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន ក៏បានទទួលយកការអញ្ជើញពីលោក គីម ដោយក្ដីរីករាយក្នុងការទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងផងដែរ។

សហរដ្ឋអាមេរិកបានព្រមានថា ទីក្រុងមូស្គូកំពុងទិញអាវុធសម្រាប់សង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន ហើយជំនួយណាមួយពាក់ព័ន្ធនឹងគ្រឿងយុទ្ធោបករណ៍យោធា នឹងបំពានលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។
មេដឹកនាំកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងទៅទស្សនាការបង្ហាញនាវាចម្បាំងរុស្ស៊ី ក៏ដូចជារោងចក្រជាច្រើនកន្លែងទៀត ហើយនិងឈប់សំចតនៅភាគខាងកើតទីក្រុង វ្លាឌីវ៉ូស្តុក ពេលធ្វើដំណើរត្រឡប់ទៅប្រទេសខ្លួនវិញ។
កិច្ចប្រជុំកាលពីថ្ងៃពុធរវាងរបបដាក់ទណ្ឌកម្មទាំងពីរ បានធ្វើឡើងនៅពេលដែលទំនាក់ទំនងរបស់ពួកគេជាមួយលោកខាងលិច ស្ថិតក្នុងកម្រិតទាបបំផុត៕
