កីឡាករប្រណាំងកង់អាមេរិក Sepp Kuss បានបន្តដំណើរត្រលប់មកពន្លាតវេលានាំមុខរបស់ខ្លួននៅ Vuelta a Espana ដែលកៀកនឹងបញ្ចប់ទៅហើយ បើទោះបីជាដំណាក់កាលទី ១៨ ជ័យជំនះបានទៅកីឡាករប្រណាំងកង់ប៊ែលហ្ស៊ិក Remco Evenepoel ក៏ដោយ។
ដំណាក់កាលទី ១៨ ដែលមានចំងាយផ្លូវ ១៧៩ គីឡូម៉ែត្រ Sepp Kuss ដែលជិះឱ្យក្រុម Jumbo-Visma បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ១០ ឯណោះ តែនៅលើគូប្រជែងរបស់គេទាំងពីរនាក់ដែលជាមិត្តរួមមាន Jonas Vingegaard និង Primoz Roglic ដែលសុទ្ធតែបញ្ចប់ដំណាក់កាលទី ១៨ នៅក្រៅចំណាត់ថ្នាក់ Top10។
Sepp Kuss
ជាមួយគ្នានោះដែរ កីឡាកររបស់ក្រុម Soudal-Quick-Step, Rembo Evenepoel ជាអ្នកឈ្នះដំណាក់កាលទី ១៨ នេះក្រោយមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៤៧ នាទី ៣៧ វិនាទី តាមពីក្រោយដោយកីឡាករអ៊ីតាលី Damiano Caruso យឺតជាង ៤ នាទី ៤៤ វិនាទី និងលេខ ៣ Andreas Kron សញ្ជាតិដាណឺម៉ាក។
នៅក្នុងតារាងរួមវិញបីនាក់ខាងលើសុទ្ធតែជិះឱ្យក្រុម Jumbo-Visma ទាំងអស់ ក្នុងនោះ Sepp Kuss បង្កើនការនាំមុខដល់ ១៧ វិនាទីពីអ្នកលេខ ២ Jonas Vingegaard និងលេខ ៣ Primoz Roglic យឺតជាង ១ នាទី ៨ វិនាទី។
សម្រាប់ដំណាក់កាលទី ១៩ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៧៨ គីឡូម៉ែត្រ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour នៅអេស្ប៉ាញ Vuelta a Espana នឹងបិទបញ្ចប់ទាំងស្រុងនៅថ្ងៃអាទិត្យដែលជាដំណាក់កាលទី ២១ បញ្ចប់នៅទីក្រុង Madrid៕ អត្ថបទ៖នាង សុភាវុធ

Evenepoel