ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងរក្សាទណ្ឌកម្មដែលទាក់ទងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិកលើប្រទេសអ៊ីរ៉ង់ ដែលនឹងត្រូវផុតកំណត់ក្នុងខែតុលា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលជាជំហានមួយអាចបង្កឲ្យមានការសងសឹកពីអ៊ីរ៉ង់។

សារព័ត៌មានរ៉ទ័រ បានរាយការណ៍ជាលើកដំបូងនៅក្នុងខែមិថុនាថា ក្រុមអ្នកការទូតអឺរ៉ុបបានប្រាប់អ៊ីរ៉ង់ថា ពួកគេមានផែនការរក្សាវិធានការនេះ។
អ្នកនាំពាក្យរបស់ប្រទេសទាំងបី ដែលគេស្គាល់ថា E3 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការមិនអនុវត្តតាមកាតព្វកិច្ច JCPoA (ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ)របស់អ៊ីរ៉ង់ឲ្យបានជាប់លាប់ និងហ្មត់ចត់ ចាប់តាំងពីឆ្នាំ២០១៩មក រដ្ឋាភិបាលនៃប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស មានបំណងរក្សាវិធានការទាក់ទងនឹងការសាយភាយនុយក្លេអ៊ែរលើប្រទេសអ៊ីរ៉ង់ ក៏ដូចជាការហាមឃាត់អាវុធ និងមីស៊ីល បន្ទាប់ពីទិវាផ្លាស់ប្តូរផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPoA) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
ប្រភពអឺរ៉ុបជាច្រើន បានលើកឡើងពីហេតុផលបីយ៉ាងសម្រាប់ការរក្សាការដាក់ទណ្ឌកម្មគឺ រុស្ស៊ីប្រើប្រាស់យានដ្រូនរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ុយក្រែន។ លទ្ធភាពដែលអ៊ីរ៉ង់អាចបញ្ជូនមីស៊ីលបាលិស្ទិកទៅប្រទេសរុស្ស៊ី និងការដកហូតផលប្រយោជន៍របស់អ៊ីរ៉ង់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរន ដោយសារទីក្រុងតេអេរ៉ង់ បានរំលោភលើកិច្ចព្រមព្រៀងនេះ ទោះបីជាសហរដ្ឋអាមេរិក បានធ្វើដូច្នេះមុនក៏ដោយ។

