អស់ជាច្រើនទសវត្សរ៍មកហើយ ដែលលោកខាងលិច និងជាពិសេសទីក្រុងវ៉ាស៊ីនតោន បានសួរខ្លួនឯងនូវសំណួរថា តើអាចដោះស្រាយបញ្ហាដូចកូរ៉េខាងជើងដោយរបៀបណា?

ឥឡូវនេះ បញ្ហានោះអាចជារឿងបន្ទាន់ជាងពេលណាៗទាំងអស់ ខណៈរបបដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររបស់លោក គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀ ពូទីន បានឈានចូលដល់អ្វីដែលហាក់ដូចជាយុគសម័យថ្មីនៃមិត្តភាព ប៉ុន្តែអាមេរិកហាក់ដូចជាមិនអាចធ្វើអ្វីបានទាល់តែសោះ។
ដូច្នេះ តើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកំពុងមមាញឹកក្នុងការបង្កើតសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងប្រទេសចិននោះ អាចនាំមេដឹកនាំកូរ៉េខាងជើងដ៏រឹងរូសមកតុចចារបានដោយរបៀបណា?
ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែឧសភាឆ្នាំមុន លោកប្រធានាធិបតី បៃដិន ត្រូវបានសាកសួរដោយអ្នកសារព័ត៌មានថា តើលោកមានអ្វីចង់ផ្ដាំផ្ញើ ឬនិយាយទៅកាន់លោក គីម ដែរឬទេនោះ លោកបៃដិន ឆ្លើយថា «ជំរាបសួរ និងជំរាបលា»។
លោក Frank Aum អ្នកជំនាញអាស៊ីភាគឦសាន មកពីវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក មាននិយាយថា នេះជាឱកាសមួយទៀតដែលអាមេរិកខកខាន ដោយបន្ថែមថា «ការខកខាន និងការបាត់បង់ឱកាសរបស់ភាគីទាំងពីរក្នុងការចចារ កើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប្រាំពីរទស្សវត្សរ៍ចុងក្រោយនេះ នាំឱ្យស្ថានការណ៍របស់កូរ៉េខាងជើងមិនអាចដោះស្រាយបាន ដែលយើងកំពុងប្រឈមមុខសព្វថ្ងៃនេះ។ អាមេរិកចង់ចូលរួមជជែកពិភាក្សាជាមួយកូរ៉េខាងជើង ប៉ុន្តែពួកគេមិនចេះពីវិធីក្នុងការទំនាក់ទំនង និងមិនដឹងថាត្រូវចាត់វិធានការយ៉ាងណាដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងនោះទេ»៕
