កីឡាករ ៤ នាក់របស់ក្រុមយុវជន Real Madrid ត្រូវបានឃាត់ខ្លួនជុំវិញរឿងចែករំលែកវីដេអូអាសអាភាស ដែលរួមមានទាំងអនិតិជនម្នាក់ផងដែរ នេះបើតាមការលើកឡើងរបស់មន្ត្រីមានសមត្ថកិច្ច។
កីឡាករទាំង ៤ នាក់នោះត្រូវបានចោទសួរ ទទួលការអប់រំ និងដោះលែងទៅវិញបន្ទាប់ពីវីដេអូនោះត្រូវបានដកហូត។
ការសំរេចឃាត់ខ្លួននេះ បន្ទាប់ពីមានការត្អូញត្អែរដោយម្តាយរបស់ក្មេងស្រីវ័យ ១៦ ឆ្នាំម្នាក់ដែលមានមុខនៅក្នុងវីដេអូនោះនេះបើតាមការបញ្ជាក់បន្ថែមរបស់នគរបាល។
កីឡាករទាំងបួននាក់នោះ ត្រូវបាននគរបាលឃាត់ខ្លួននៅទីលានហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍។

ចំណែក Real Madrid បានឱ្យដឹងដែរថា ក្លិបនឹងធ្វើការតាមដានរឿងនេះ ហើយនឹងចាត់វិធានការវិន័យផងដែរ។
ក្នុងចំណោម ៤ នាក់នោះមាន ៣ នាក់ស្ថិតនៅក្នុងក្រុម Real Madrid C និងម្នាក់ទៀតស្ថិតនៅក្រុម Real Madrid B ដែលគេស្គាល់ថា Castilla។
សូមបញ្ជាក់ថា វីដេអូអាសអាភាសដែលមានវត្តមានក្មេងស្រីវ័យ ១៦ ឆ្នាំដែលលើកឡើងនាងមិនបានយល់ព្រមនោះ ត្រូវបានគេចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម WhatsApp៕ អត្ថបទ៖នាង សុភាវុធ
