ភ្នាក់ងារល្បាតព្រំដែនអាមេរិក បានបើករបាំងដែក នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ក្បែរទីក្រុងសាន់ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃព្រហស្បតិ៍ ហើយបានរៀបចំដំណើរការជនអន្តោប្រវេសន៍ដែលបានប្រមូលផ្តុំនៅទីនោះ កាលពីសប្តាហ៍មុន។

ជនអន្តោប្រវេសន៍រាប់រយនាក់មកពីជុំវិញពិភពលោក បានជាប់គាំងនៅចន្លោះរនាំងព្រំដែនដែកទាំងពីរអស់រយៈពេលជាច្រើនថ្ងៃ ដែលជាកន្លែងមួយធ្វើឲ្យនឹកឃើញដល់ជនអន្តោប្រវេសន៍ចំនួនធំ ដែលបានប្រមូលផ្តុំនៅទីនោះ ក្នុងខែឧសភា។ បុគ្គលិកជំនួយកាលពីថ្ងៃអង្គារ បាននាំយកទឹក និងអាហារទៅផ្តល់ឲ្យ មនុស្សរួមទាំងគ្រួសារដែលមានកូន។
កាលពីថ្ងៃព្រហស្បតិ៍ ភ្នាក់ងារនេះ បានថតរូបជនអន្តោប្រវេសន៍ និងលិខិតឆ្លងដែនរបស់ពួកគេ ហើយបន្ទាប់មក បានដាក់ពួកគេនិងរបស់របរចូលទៅក្នុងរថយន្តដឹកទៅកាន់ទីតាំងមួយ ដែលពុំបានបញ្ជាក់ច្បាស់។
រូបភាពជាច្រើនរបស់សារព័ត៌មានរ៉យទ័រ បង្ហាញពីស្ត្រីមួយជួរមកពីប្រទេសហ្សកហ្ស៊ី ដែលបង្ហាញអត្តសញ្ញាណរបស់ពួកគេ ដល់មន្ត្រីល្បាតព្រំដែន។
