ប្រធានគោលនយោបាយកិច្ចការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានស្តីបន្ទោសប្រទេសកូសូវ៉ូ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការដែលមិនបានអនុវត្តកិច្ចព្រមព្រៀងជាមួយប្រទេសស៊ែរប៊ី លើប្រក្រតីភាពទំនាក់ទំនងរវាងអតីតសត្រូវសម័យសង្គ្រាមទាំងពីរ។

លោក Borrell បាននិយាយនិយាយបន្ទាប់ពីកិច្ចពិភាក្សា នៅក្នុងទីក្រុង Brussels ជាមួយនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti និងប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic លើផែនការ ដែលត្រូវបានព្រមព្រៀងកាលពីពេលដំបូងនៅឆ្នាំនេះ ប៉ុន្តែបានជាប់គាំងភ្លាមៗ។
លោក Borrell និយាយបន្ទាប់ពីជំនួបថា វាពុំអាចធ្វើទៅបាននោះទេដើម្បីផ្សះផ្សាភាពខ្វែងគំនិតគ្នានៅពេលបច្ចុប្បន្ននេះ។ លោកនិយាយថា លោក Kurti ពុំទាន់ត្រៀមរួចរាល់នូវចំណាត់ការឆ្ពោះទៅមុខ ជាមួយការបង្កើតសមាគមទីក្រុងភាគច្រើនរបស់ពលរដ្ឋស៊ែប៊ី ដែលនឹងផ្តល់ឲ្យពួកគេនូវស្វ័យភាពបន្ថែមទៀត និង អ្វីដែលទីក្រុង Pristine ប្រទេសកូសូវ៉ូ បានប្តេជ្ញាអំឡុងកិច្ចសន្ទនាដែលគាំទ្រដោយសហភាពអឺរ៉ុបរយៈ១០ឆ្នាំមកនេះ ជាមួយទីក្រុង Belgrade ប្រទេសស៊ែរប៊ី។
ជនជាតិភាគតិចអាល់បានី មានប្រជាជនជាង៩០ភាគរយនៅក្នុងប្រទេសកូសូវ៉ូ ដោយប្រជាជនស៊ែប៊ីភាគច្រើននៅក្នុងតំបន់ភាគខាងជើង ជាកន្លែងដែលសមាគមទីក្រុងភាគច្រើន ត្រូវបានគ្រោងទុក។
ភាពតានតឹងរវាង ភាគីទាំងពីរបានកើនឡើងកាលពីខែឧសភា នៅពេលដែលទាហានរក្សាសន្តិភាពសម្ព័ន្ធយោធាណាតូជាង៩០នាក់ និងអ្នកតវ៉ាជនជាតិស៊ែប៊ីប្រមាណ៥០នាក់ បានរងរបួសក្នុងភាពចលាចល នៅប្រទេសកូសូវ៉ូ ភាគខាងជើង។
