ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០ នាទីបានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២១ រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។
របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះគឺ
-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
-សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើអានុភាព១៥០មេហ្គាវ៉ាត់នៅស្រុកថ្មបាំង ខេត្តកោះកុង និង គម្រោងវិនិយោគអភិវឌ្ឍសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅ ព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។
និង-បញ្ហាផ្សេងៗ។
របៀបវារៈទាំងបីខាងលើនេះត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងហើយ។
នៅក្នុងឱកាសដ៏សំខាន់នេះ សម្ដេច ក៏បាន មាន ប្រសាសន៍ ក្នុងនាម
– រាជរដ្ឋាភិបាល ថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ព្រមទាំង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុង ជួយ សង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងកំឡុងគ្រោះទឹកជំនន់រដូវវស្សាឆ្នាំ២០២០នេះ ពិសេសត្រូវបន្តបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការចាំ បាច់នានាដើម្បី ជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ នៅតាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា។
– ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្តត្រូវយកចិត្តទុកដាក់លើការស្ដាឡើង វិញនួវហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតដោយគ្រោះមហន្តរាយ ទឹកជំនន់ ជាអាទិ៍ផ្លូវជាតិផ្លូវខេត្តផ្លូវលំ និងប្រព័ន្ធធារាសាស្ត្រនានា ជាដើមនៅក្រោយពេលដែល ស្ថានភាពទឹកជំនន់មានភាពធូរស្រាល និងស្រកអស់ទៅ៕ អត្ថបទ៖ មុត សុទ្ធ
