អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន នៅក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឲ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះការបញ្ចេញទឹកមានសារធាតុពុលនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ និងបានជំរុញឲ្យប្រទេសជប៉ុនបញ្ឈប់ការបញ្ចេញទឹកសំណល់នេះជាបន្ទាន់។

លោក Chen Xu ប្រធានបេសកកម្មរបស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បាននិយាយអំឡុងកិច្ចសន្ទនាទល់មុខគ្នាទៅវិញទៅមក ជាមួយលោក Pedro Arrojo-Agudo អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ចំពោះទឹកទទួលទានសុវត្ថិភាព និងអនាម័យ ដែលប្រសិនបើទឹកមានសារធាតុពុលនុយក្លេអ៊ែរពិតជាមានសុវត្ថិភាព ប្រទេសជប៉ុននឹងមិនត្រូវចាក់វាចូលទៅក្នុងសមុទ្រនោះទេ។
លោក Chen និយាយថា រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមយ៉ាងបង្ខំ និងជាឯកតោភាគី នូវការបញ្ចេញទឹកមានសារធាតុពុលនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធចំពោះសុខភាព ការអភិវឌ្ឍន៍និងបរិស្ថានប្រជាជន នៅបណ្តាប្រទេសតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកនិងនៅជុំវិញពិភពលោក។
លោកបានបញ្ជាក់បន្ថែមថាធម្មនុញ្ញភាព ភាពស្របច្បាប់ និងសុវត្ថិភាព នៃការបញ្ចេញទឹកសំណល់ ត្រូវបានចោទសួរដោយសហគមន៍អន្តរជាតិ និងត្រូវបានប្រឆាំងយ៉ាងខ្លាំងដោយពលរដ្ឋនៅក្នុងប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។
