កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃទី១៤ ខែកញ្ញាថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារទៅលើនាវាល្បាត Project 22160ចំនួនពីរគ្រឿងរបស់រុស្ស៊ី នៅភាគនិរតីនៃសមុទ្រខ្មៅ ដោយបានបណ្តាលនាវាទាំងពីរគ្រឿងនោះរងការខូចខាត។

លោក Mykhailo Fedorov រដ្ឋមន្ត្រីក្រសួងកំណែទម្រង់ឌីជីថលរបស់អ៊ុយក្រែន ក្រោយមកបានចេញផ្សាយវីដេអូនៃការវាយប្រហារដោយយានដ្រូនរបស់កងទ័ពជើងទឹក ដោយបង្ហាញថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដោយការស៊ើបការណ៍របស់ក្រសួងការពារជាតិអ៊ុយក្រែន។
ពុំមានព័ត៌មានលម្អិតបន្ថែមទៀតនៃការវាយប្រហារ ត្រូវបានផ្តល់ឲ្យនោះទេ។
នៅព្រឹកព្រលឹមថ្ងៃទី១៤ខែកញ្ញា ប្រភពរុស្ស៊ី បានរាយការណ៍ពីការបំផ្លិចបំផ្លាញនៃយានដ្រូចំនួន៥គ្រឿង របស់កងទ័ពជើងទឹក ដែលកំពុងព្យាយាមវាយប្រហារទៅលើនាវាល្បាត Sergey Kotov នៃកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី។

