លោក ហាន់ធឺ បៃដិន (Hunter Biden) កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកាលពីថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) ពីបទបោកបញ្ឆោតអ្នកលក់កាំភ្លើងឱ្យលក់អាវុធឱ្យខ្លួន ដែលជាសញ្ញាចុងក្រោយបង្អស់នៃបញ្ហាផ្លូវច្បាប់របស់កូនប្រុសពៅលោក បៃដិន ដោយករណីនេះអាចនឹងដាក់បន្ទុកលើការស្វែងរកអាណត្តិបន្ទាប់ក្នុងការបោះឆ្នោតរបស់ឪពុកខ្លួននៅឆ្នាំក្រោយនេះ។

ការចោទប្រកាន់ជាលើកដំបូងមិនធ្លាប់មានចំពោះកូនរបស់ប្រធានាធិបតីកំពុងកាន់តំណែង ដែលបញ្ជូនទៅកាន់តុលាការសហព័ន្ធ របស់សហរដ្ឋអាមេរិក ក្នុងទីក្រុង Delaware នេះ បានចោទប្រកាន់លោក ហាន់ធឺ បៃដិន ពីបទឧក្រិដ្ឋចំនួនបីករណី ពាក់ព័ន្ធនឹងការនិយាយកុហកអំពីការពិតដែលថា លោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលដែលលោកកាន់កាប់កាំភ្លើង ដោយបញ្ហានោះនឹងហាមឃាត់លោកនៅក្រោមច្បាប់ពីការក្លាយជាម្ចាស់អាវុធ។
ការចោទប្រកាន់នេះធានាថា ឆាកល្ខោនក្នុងបន្ទប់សវនាការ នឹងដើរតួយ៉ាងធំនៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ខណៈលោក ចូ បៃដិន វ័យ៨០ឆ្នាំ ព្យាយាមស្វះស្វែងរកអាណត្តិបន្ទាប់ ដែលទំនងជាត្រូវប៉ះគ្នាម្ដងទៀតជាមួយនឹងអ្នកកាន់តំណែងពីមុនរបស់ខ្លួនមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ វ័យ៧៧ឆ្នាំ ដែលប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌចំនួនបួននាពេលខាងមុខផងដែរ។
ការចោទប្រកាន់កូនប្រុសរបស់លោក បៃដិន នេះ កើតឡើងរយៈពេលពីរថ្ងៃ បន្ទាប់ពីសភាតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ បានបើកការស៊ើបអង្កេតលើការចោទប្រកាន់លើលោក ចូ បៃដិន ដើម្បីទម្លាក់តំណែងប្រធានាធិបតីរបស់លោក ទាក់ទងនឹងជំនួញបរទេសរបស់លោកកូនប្រុសខ្លួនផងដែរ៕
