ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្ស៊េលែនស្គី (Volodymyr Zelenskiy) ត្រូវបានគេរំពឹងថា នឹងទៅកាន់សេតវិមាន និងវិមានកាពីតូល នៅសប្តាហ៍ក្រោយ ខណៈលោកធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ។

ដំណើរទស្សនកិច្ចរបស់លោក ហ្ស៊េលែនស្គី កើតឡើងខណៈសភាកំពុងពិភាក្សាលើសំណើរបស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងការផ្តល់ជំនួយយោធា និងមនុស្សធម៌ចំនួន២៤ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ស្របពេលដែលប្រទេសនេះកំពុងប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
មន្ត្រីរដ្ឋបាលម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ហ្ស៊េលែនស្គី នឹងជួបជាមួយលោក បៃដិន នៅសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ ហើយដំណើរទស្សនកិច្ចទៅកាន់វិមានកាពីតូលនេះ ក៏ត្រូវបានបញ្ជាក់ដោយជំនួយការសភាពីររូប ដែលសុំមិនបញ្ចេញផងដែរ។
ព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចរបស់លោក ហ្ស៊េលែនស្គី នៅសប្តាហ៍ក្រោយ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ ហើយក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើគម្រោងទស្សនកិច្ចរបស់លោក Zelenskiy នេះ រួមទាំងថាតើលោកនឹងជួបជាមួយលោក បៃដិន នៅសេតវិមានដែរឬយ៉ាងណា៕
