ក្រុមអាជ្ញាធរ និយាយថា កងទ័ពជើងទឹកកូឡុំប៊ី រឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ៣តោន អំឡុងពេលការប្រដេញទូកល្បឿនលឿននៅសមុទ្រការ៉ាអ៊ីប ។

យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា គ្រឿងញៀនដែលរឹបអូសបាននេះ មានតម្លៃយ៉ាងហោច ១០០លានដុល្លារ ហើយត្រូវបានដឹកជញ្ជូនទៅកាន់អាមេរិកកណ្តាល ។
ក្រុមនាវិក ៤នាក់ ដែលរកឃើញនៅលើនាវា ត្រូវបានឃាត់ខ្លួន ហើយនិងត្រូវស៊ើបអង្កេតលើការបំពានការជួយដូរគ្រឿងញៀនខុសច្បាប់ ការផលិត និងការដឹកជញ្ជូនគ្រឿងញៀន ។
ឧត្តមនាវីឯក Hermando Mattos Dagerគឺជាមេបញ្ជាការកងទ័ពជើងទឺកកូឡុំប៊ី និយាយថា ពួកយើងរឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ៣តោននៅប្រជុំកោះ San Andres និង Providencia ។
លោកបន្តថា ជាមួយនឹងការរឹបអូសនេះ ប្រាក់ជាង ១០០លានដុល្លារ ត្រូវបានការពារមិនឲ្យទៅដល់ទូដែករបស់ក្រុមជួញដូរគ្រឿងញៀន ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា កូឡុំប៊ី ស្ថិតនៅក្នុងចំណោមប្រទេសផលិតសារធាតុកូកាអ៊ីនកំពូលរបស់ពិភពលោក ៕
