ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា គិតមកទល់ពេលនេះការសាងសង់វិមានរដ្ឋធម្មនុញ្ញដែលជានិមិត្តរូបប្រវត្តិសាស្រ្តសម្រេចបាន៣៥ភាគរយ។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់វិមានរដ្ឋធម្មនុញ្ញ ដែលជាសំណង់សាងសង់ឡើងជានិមិត្តរូបប្រវត្តិសាស្រ្តរម្លឹកដល់ភាពជោគជ័យនៃការបង្កើតរដ្ឋធម្មនុញ្ញ ដែលមានអាយុកាល៣០ឆ្នាំ។
ក្រោយចុះពិនិត្យការសាងសង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានឲ្យដឹងថា ចំពោះវឌ្ឍនភាពរយៈពេលជាង ៩០ថ្ងៃនៃដំណើរការសាងសង់វិមានរដ្ឋធម្មនុញ្ញ ក្រុមការងារបានបញ្ចប់លើការសាងសង់អគារនៃវិមានទាំងមូលហើយ ខណៈសំណង់នេះសេសសល់ទៅលើការសាងសង់បុស្សបុក ការរចនាស្ពាននៃអគារវិមាន និងរៀបចំសួនច្បារជុំវិញវិមាននេះ។
ឯកឧត្តម បន្តថា ការសាងសង់វិមានរដ្ឋធម្មនុញ្ញអាចនឹងបញ្ចប់មុនការគ្រោងទុកនាពាក់កណ្តាលឆ្នាំ២០២៤ខាងមុខ។
ឯកឧត្តម អ៊ឹម ឈុនលឹម បញ្ជាក់ថា ការសាងសង់វិមានរដ្ឋធម្មនុញ្ញនេះឡើង ក្នុងគោលដៅឲ្យយុវជនជំនាន់ក្រោយបានចងចាំ និងស្វែងយល់ពីតម្លៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញនេះបង្កើតមកដោយសារសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ភាគីពាក់ព័ន្ធ ជាពិសេសភាពប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបអាចធានាឲ្យកម្ពុជាអនុវត្តរដ្ឋធម្មនុញ្ញដោយជោគជ័យ។
គួរបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបត្យកររៀបចំពាក់ព័ន្ធនឹងការរចនានៅលើសន្លឹកទ្វារទាំង៤ ដែលឆ្លុះបញ្ចាំងទៅលើទស្សនៈគុណតម្លៃនៃរដ្ឋធម្មនុញ្ញនិយមទំនើប ដូចជា គុណតម្លៃនីតិរដ្ឋ, គុណតម្លៃប្រជាធិបតេយ្យ, គុណតម្លៃនៃការបែងចែកអំណាចដាច់ពីគ្នានៃអំណាចទាំង៣ និងគុណតម្លៃនៃសិទ្ធិមនុស្ស៕





