តាកែវ ៖ នៅក្នុងខេត្តតាកែវ មន្ត្រីសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ បានបន្តចុះយកសំណាកកម្មករ ជាង២០០នាក់ នៅរោងចក្រ ពឺហ្វិកវីសិន ដែលមានទីតាំងនៅក្នុងឃុំបឹងត្រាញ់ខាងជើង ក្នុងស្រុកសំរោង បន្ទាប់ពីបានរកឃើញកម្មករចំនួន២នាក់ បានឆ្លងជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា ក្នុងចំណោម កម្មករជាង២ពាន់នាក់ នៅក្នុងរោងចក្រ ពឺហ្វិកវីសិន មន្ត្រីជំនាញ បានចាប់ផ្ដើមចុះទៅយកសំណាក កម្មករប្រមាណជាង២០០នាក់ នៅព្រឹកនេះ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ក្រោយពីបានរកឃើញកម្មករ ២នាក់ ឆ្លងជំងឺកូវីដ-១៩ ។
លោក បានបញ្ជាក់ថា ចំពោះកម្មករដែលយកសំណាកហើយ ត្រូវបានណែនាំឱ្យធ្វើចត្តាឡីស័កឱ្យ បានត្រឹមត្រូវនៅតាមផ្ទះ ហើយបើលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន មន្ត្រីនឹងជូនដំណឹងទៅពួកគេ។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានឲ្យដឹងដែរថា រោងចក្រ ដែលមានកម្មករកើតជំងឺកូវីដ ១៩ ត្រូវបានតម្រូវឱ្យផ្អាកផលិតកម្មករ រយៈពេល២ថ្ងៃសិន ព្រោះកម្មករ កំពុងតែជ្រួលច្របល់ មិនមាន អារម្មណ៍ធ្វើការ។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ បានឱ្យដឹងថា រហូតមកដល់ពេលនេះ នៅទូ ទាំងខេត្តតាកែវ មានកម្មករចំនួនជាង៣០០នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ ហើយអ្នកជំងឺទាំងអស់នេះ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក តាមស្រុកនីមួយៗ ដោយឡែកកម្មករ។
ក្នុងខេត្តតាកែវ រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជាង៨រយនាក់ ក្នុងនោះ ជាសះស្បើយ ចំនួនជាង២០០នាក់ ស្លាប់ចំនួន៥នាក់ ហើយអ្នកជំងឺជាង៥០០នាក់ទៀត កំពុងតែសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកក្រុងស្រុករបស់ខេត្ត៕
អត្ថបទ ៖ គុជ វិភាគ