ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរចំពោះឯកឧត្តម ចាយ បូរិន ដែលត្រូវបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាអាណត្តិទី៧ និងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរនៅស្នាដៃដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានដឹកនាំកម្ពុជា ប្រទេសកាន់នៅសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែបានបើកយ៉ាងទូលាយនៅគ្រប់សាសនាទាំងអស់ ព្រមទាំងគ្រប់គ្រងបានយ៉ាងល្អលើសាសនាទាំងអស់ មិនឲ្យមានកើតវិវាទ នឹងគ្នា ។
ក្នុងជំនួបដដែលនេះ ឯកឧត្តម ឯកអគ្គរាជទូត មានគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បើទោះបីជាប្រទេសជប៉ុន ពុំមានព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែមានអង្គការចាត់តាំង និងសមាគមមួយចំនួននៅប្រទេសជប៉ុន បានកាន់សាសនាព្រះពុទ្ធ កន្លងមកធ្លាប់បានផ្តល់ជំនួយ ជួយដល់ប្រទេសកម្ពុជា លើវិស័យសេដ្ឋកិច្ច។
ក្នុងនោះក៏មានការជួយលើវិស័យព្រះពុទ្ធសាសនា ដោយជប៉ុនធ្លាប់បានចូលរួមជួយបោះពុម្ពនៅគម្ពីរព្រះត្រៃបិដកចំនួន១១០ក្បាល ជូនមកក្រសួងធម្មការ និងសាសនា ដើម្បីចែកចាយដល់វត្តអារាម និងបណ្ណាល័យមួយចំនួនរបស់ប្រទេសកម្ពុជា។
ដោយឡែកឯកឧត្តម ឯកអគ្គរាជទូត ជប៉ុន ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីពីកម្មវិធីព្រះពុទ្ធសាសនាអន្តរជាតិ ដែលប្រារព្ធធ្វើនៅឆ្នាំ២០២៥ខាងមុខនេះ ដោយមានការចូលរួមពីអង្គការ សមាគម ពិសេសពុទ្ធសាសនិក ដែលកាន់នៅព្រះពុទ្ធសាសនាទាំងនៅអាស៊ី និងអឺរ៉ុប។
ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលកន្លងមកតែងតែផ្តល់នៅជំនួយដ៏សំបូរបែបលើគ្រប់វិស័យ មិនថាវិស័យពុទ្ធចក្រ និងអាណាចក្រ ចាប់តាំងពីអាណត្តិដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតដែលមានស្រាប់ជាដៃគូយុទ្ធសាស្រ្ត និងចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន និងបន្តគាំទ្រគ្នាទៅវិញទៅមកកាន់តែរីកចម្រើនឡើងថែមទៀត ពិសេសលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយក្រសួងធម្មការ និងសាសនា ដែលជាសេនាធិការបស់រដ្ឋាភិបាលកម្ពុជា និងប្រទេសជប៉ុន៕
អត្ថបទ រដ្ឋា




