ភ្នំពេញ៖ ផលិតផលជលផលទឹកសាបចំនួន២ប្រភេទរបស់កម្ពុជារួមមាន៖ កំពឹសបង្កក និងអន្ទង់បង្កក១កុងតឺនឺ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង និងប្រកបដោយភាពជគជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានប្រមូលទិញផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែរ រហូតសម្រេចបានការនាំចេញទីកាន់ទីផ្សារប្រទេសចិននេះ គឺជា«ជើងដំបូង» របស់កម្ពុជា ហើយក៏នៅមានការងារច្រើនទៀតដែលត្រូវធ្វើផងដែរ។
លោកជំទាវ បានបញ្ជាក់ថា ការងារអាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹង និងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។
លោកជំទាវ អ៊ឹម រចនា បានលើកឡើងបន្តថា នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិន នឹងមានកំណើន។ ចំណែកប្រជានេសាទ វារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។
តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនប្រជានេសាទនិងវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចំរើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕



