រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក លី សាងហ្វ៊ូ (Li Shangfu) បានដកខ្លួនចេញ ភ្លាមៗក្នុងកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំការពារជាតិវៀតណាម កាលពីសប្តាហ៍មុន នេះបើយោងតាមមន្ត្រីបីរូបដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះ ស្របពេលមានសំណួរអំពីការអវត្តមានរបស់លោក អស់រយៈពេលជាងពីរសប្តាហ៍ពីទស្សនីយ៍ភាពសាធារណៈ។

យោងតាមមន្ត្រីវៀតណាមពីររូបបានឲ្យដឹងថា លោក លី វ័យ៦៥ឆ្នាំ គ្រោងនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលរៀបចំដោយវៀតណាមនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន កាលពីថ្ងៃទី៧ និងទី៨ ខែកញ្ញា ប៉ុន្តែកិច្ចប្រជុំនោះត្រូវបានពន្យារពេល បន្ទាប់ពីទីក្រុងប៉េកាំងបានប្រាប់ទីក្រុងហាណូយប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍ថា រដ្ឋមន្ត្រីរូបនេះកំពុងមាន «បញ្ហាសុខភាព»។
ការលុបចោលភ្លាមៗនៃដំណើររបស់លោក លី ធ្វើឡើងបន្ទាប់ពីមានការជំនួសតំណែងដែលមិនអាចពន្យល់បាន របស់អតីតរដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង (Qin Gang) របស់ប្រទេសចិនក្នុងខែកក្កដា បន្ទាប់ពីអវត្តមានដ៏យូរពីទិដ្ឋភាពសាធារណៈ និងភាពរង្គោះរង្គើនៃការដឹកនាំរបស់ឥស្សរជនកងកម្លាំងរ៉ុក្កែត នៃកងទ័ពរំដោះប្រជាជនចិន ក្នុងប៉ុន្មានខែថ្មីៗនេះ និងជាសកម្មភាពដែលបានចោទជាសំណួរអំពី ការសម្រេចរបស់ថ្នាក់ដឹកនាំចិនផងដែរ៕
