កាលពីថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) អង្គការ ណាសា បាននិយាយថា ខ្លួនបានជ្រើសរើសនាយកថ្មីនៃគម្រោងការស្រាវជ្រាវ ទៅលើអ្វីដែលរដ្ឋាភិបាលហៅថា «បាតុភូតពុំមានអត្តសញ្ញាណច្បាស់លាស់» ឬហៅថា UAP ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាវត្ថុហោះមិនស្គាល់អត្តសញ្ញាណ (UFOs) ខណៈប្រធានទីភ្នាក់ងារអវកាសអាមេរិកបាននិយាយថា ក្រុមអ្នកជំនាញដែលបានជំរុញឱ្យមានការស្វែងរកការពិតកាន់តែស៊ីជម្រៅ លើបញ្ហាមនុស្សភពក្រៅនេះ បានរកឃើញថាគ្មានភស្តុតាងប្រភពដើម សម្រាប់វត្តមាននៃវត្ថុទាំងនេះទេ។

អ្នកគ្រប់គ្រងម្នាក់នៅក្នុងអង្គការណាសា លោក បីល នែលសុន (Bill Nelson) បានចេញសេចក្តីប្រកាសអំពីប្រធានស្រាវជ្រាវថ្មីនេះ ដោយមិនបង្ហាញពីអត្តសញ្ញាណរបស់មន្រ្តីថ្មីនេះទេ បន្ទាប់ពីក្រុមអ្នកជំនាញឯករាជ្យបានផ្តល់អនុសាសន៍នៅក្នុងរបាយការណ៍ថ្មីមួយថា អង្គការណាសា បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រមូលព័ត៌មាននៅលើបាតុភូត UAP និងដើរតួនាទីធំជាងមុនក្នុងការជួយមន្ទីរបញ្ចកោណឲ្យរកឃើញវត្ថុចម្លែកទាំងនោះ។

របាយការណ៍បាននិយាយថា អ្នកវិភាគផ្នែកក្រសួងការពារជាតិ និងចារកម្មរបស់សហរដ្ឋអាមេរិក មិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីកំណត់ពីប្រភពនៃវត្ថុចម្លែកមួយចំនួន ដែលបានរកឃើញនោះទេ ខណៈវត្ថុខ្លះអាចត្រូវបានពន្យល់ថា ជាបាតុភូតបរិយាកាស យន្តហោះទំនើបមកពីប្រទេសមួយផ្សេងទៀត ឬវត្ថុដែលគ្មានគ្រោះថ្នាក់ ដូចជាបាឡុងអាកាសធាតុជាដើម៕
