ខ្សែបម្រើស្លាប Manchester United, Jadon Sancho នឹងត្រូវហ្វឹកហាត់ដាច់ដោយឡែកពីក្រុម រហូតដល់បញ្ហាជាមួយអ្នកចាត់ការ Erik ten Hag ត្រូវបានដោះស្រាយរួចរាល់។
អតីតអ្នកចាត់ការ Ajax រូបនេះ មិនបានដាក់ឈ្មោះ Sancho ក្នុងបញ្ជីពេលចាញ់កាំភ្លើងធំ Arsenal ឡើយ ដោយលើកឡើងថាកីឡាករអង់គ្លេសរូបនេះបង្ហាញទំរង់ក្រោមស្តង់ដាអំឡុងពេលហ្វឹកហាត់។
យ៉ាងណាក្តី កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានបកស្រាយនៅលើបណ្តាញសង្គមថា ខ្លួនគឺជាពពែដែលចាំតែទទួលកំហុសយូរមកហើយ ដែលធ្វើឱ្យមានការផ្ទុះឡើងនៅការជជែកគ្នានៅលើបណ្តាញសង្គមជុំវិញទំនាក់ទំនងរបស់អ្នកចាត់ការ និងកីឡាកររូបនេះ។
Sancho ដែលផ្លាស់ពី Dortmund កាលពីឆ្នាំ ២០២១ ក្នុងតម្លៃ ៧៣ លានផោននោះ ធ្លាប់សម្រាក ៣ ខែរដូវកាលមុនដើម្បីទទួលការព្យាបាលបញ្ហាផ្លូវចិត្តផងដែរ ដែលធ្វើឱ្យការផ្លាស់មកកាន់ Old Trafford នេះ Sancho មិនបានចូលលេងជាប់លាប់ឡើយ ពោលគឺរយៈពេល ៣ ឆ្នាំកន្លងមកនេះបង្ហាញខ្លួនបានត្រឹម ៥៨ ប្រកួតនៅ Premier League រកបាន ៩ គ្រាប់ និង ៦ បាល់បញ្ជូន។
Sancho ជាកីឡាករបម្រុងដែលផ្លាស់ប្តូរចូល ៣ ប្រកួតរដូវកាលនេះ ដែល Manchester United ឈ្នះ ២ ចាញ់ ២ នៅ Premier League៕ អត្ថបទ៖នាង សុភាវុធ
