ឥណ្ឌា ៖ ការរីករាលដាលឆ្លងជំងឺគ្រុនឈាម បានវាយប្រហារបណ្តារដ្ឋភាគខាងជើង និងភាគខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលរដ្ឋបាលក្នុងស្រុក បង្កើតមណ្ឌលសុខភាពពិសេសសម្រាប់អ្នកជំងឺដើម្បីសម្រួលដល់ចំនួនករណីឆ្លងកើនឡើងនេះ ។
អ្នកឆ្លងជំងឺគ្រុនឈាម ត្រូវបានទទួលព្យាបាលនៅក្នុងមណ្ឌលសុខភាពពិសេស ដោយមានការចងមុងត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺបង្កឡើងដោយសារភ្នាក់ងារចម្លងមួយនេះ ។
រដ្ឋមានពលរដ្ឋរស់នៅច្រើនបំផុត Uttar Pradesh របស់ប្រទេសឥណ្ឌា បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ស្របពេលដែលជំងឺមួយនេះ បានឆ្លងនៅតំបន់មានមនុស្សរស់នៅច្រើនដែលគ្មានអនាម័យត្រឹមត្រូវ ។
លោក Vivek Kumar Singhគឺជាអ្នកគ្រប់គ្រងកម្មវិធីសុខភាពស្រុកនៅទីក្រុង Patna និយាយថា មកទល់នឹងពេលនេះ ទីក្រុងរបស់លោក បានរកឃើញករណីឆ្លងជំងឺគ្រុនឈាមសរុបចំនួន ៣៨៦នាក់ ក្នុងនោះ ករណីឆ្លងមនុស្ស ៧០នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃម្សិលមិញ ។
លោកបន្តថា ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងតាមរដូវ ដែលតាមធម្មតាវាផ្ទុះឡើង នៅពេលចាប់ផ្តើមរដូវវស្សា ហើយផលប៉ះពាល់របស់វា នឹងត្រូវមើលឃើញនៅក្នុងខែកញ្ញា តុលា និងខែវិច្ឆិកា ។
សូមបញ្ជាក់ថា ជំងឺគ្រុនឈាម អាចបណ្តាលឲ្យមានការឈឺចាប់ខ្លាំងក្នុងសាច់ដុំ និងសន្លាក់ ហើយវារីករាលដាលឆ្លងដោយសារភ្នាក់ងារចម្លងមូសខ្លា ដែលធ្វើឲ្យប៉ះពាលដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ៕

