អាមេរិក ៖ ប្រធានអង្គការឧតុនិយមពិភពលោក (WMO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះថ្នាក់នឹងអាចជៀសផុតក្នុងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេសលីប៊ី បើសិនជាប្រទេសបែកបាក់មួយនេះ មានសេវាកម្មឧតុនិយមដំណើរការ អាចចេញការព្រមាន ឬការប្រកាសអាសន្នដល់ប្រជាពលរដ្ឋ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងសឺណែវ ប្រទេសស្វីស លោក Petteri Taalas គឺជាអគ្គលេខាធិការអង្គការ WMOនិយាយថា ការងារប្រឈមដ៏លំបាកបំផុតរបស់ប្រទេសលីប៊ី នៅក្នុងការគ្រង់គ្រងលទ្ធផលនៃទឹកជំនន់ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ គឺការធ្វើអភិបាលកិច្ច ពុំដំណើការធម្មតា ។
លោក Taalas និយាយថា កាលពីមុន WMO ធ្លាប់បានទាក់ទងជាមួយក្រុមអាជ្ញាធរលីប៊ី ដើម្បីជួយពួកគេធ្វើកំណែទម្រង់លើប្រព័ន្ធឧតុនិយមប្រទេសមួយនេះ ប៉ុន្តែកិច្ចខិតខំរបស់ពួកគេ ត្រូវបានរារាំងដោយសារតែស្ថានភាពសន្តិភាពពុំអំណោយផល ។
ប្រតិបត្តិការជួយសង្រ្គោះ មានភាពស្មុគស្មាញដោយសារតែការបែកបាក់នៅក្នុងប្រទេសមានពលរដ្ឋរស់នៅ៧លាននាក់មួយនេះ ដែលមានសង្រ្គាមឥតឈប់ឈរ ដោយគ្មានរដ្ឋាភិបាលកណ្តាលខ្លាំង ចាប់តាំងពីបដិវត្តន៍ពណ៌គាំទ្រដោយអង្គការណាតូ បានផ្តួលរំលំលោក Muammar Gaddafi កាលពីឆ្នាំ ២០១១ ។
រដ្ឋាភិបាលរួបរួមជាតិ(GNU) ទទួលស្គាល់ដោយអន្តរជាតិ មានមូលដ្ឋាននៅក្នុងរដ្ឋធានីទ្រីប៉ូលី ស្ថិតនៅតំបន់ភាគខាងលិចប្រទេស ខណៈដែលរដ្ឋបាលម្ខាងទៀត គ្រប់គ្រងនៅតំបន់ភាគខាងកើត ដែលរួមទាំងទីក្រុង Derna ៕

