ប៉ាគីស្ថាន ៖ មេធាវីរបស់លោក Imran Khan បានប្រាប់ឲ្យដឹងថា តុលាការប៉ាគីស្ថាន កាលពីព្រហស្បតិ៍ (ទី១៤ ខែកញ្ញា) បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ ក្រោមការចោទប្រកាន់ពីបទធ្វើឲ្យបែកធ្លាយរឿងសម្ងាត់របស់រដ្ឋ។
លោក Khan ត្រូវបានចោទប្រកាន់ថា បានលាតត្រដាងឯកសារសម្ងាត់ផ្លូវការមួយ ដែលមានឈ្មោះថា Cipher នៅពេលដែលរូបលោកបានលើកលិខិតការទូតសម្ងាត់មួយគ្រវី នៅឯកន្លែងប្រមូលផ្ដុំគ្នាមួយ កាលពីឆ្នាំមុន។
លិខិតនោះទំនងជាការឆ្លើយឆ្លងគ្នា រវាងឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំទីក្រុងវ៉ាស៊ីនតោន និងក្រសួងការបរទេស នៅទីក្រុងអ៊ីស្លាម៉ាបាដ។ លោក Khan បាននិយាយនៅកន្លែងការជួបជុំគ្នានោះថា លិខិតនេះ ជាភ័ស្តុតាង ដែលបង្ហាញថា ការទម្លាក់លោកពីអំណាច ក្នុងខែមេសា ឆ្នាំ២០២២ គឺជាការសមគំនិត។
បន្ទាប់ពីមានសវនាការសម្ងាត់ ចៅក្រម លោក Abul Hasnat Muhammad Zulqarnain បានច្រានចោលការស្នើសុំនេះ ក្រោមច្បាប់សម្ងាត់របស់រដ្ឋ។ លោក Zulqarnain មិនបានធ្វើការអត្ថាធិប្បាយភ្លាមៗនោះឡើយ ពាក់ព័ន្ធនឹងការបដិសេធរបស់លោក ចំពោះការស្នើសុំរបស់លោក Khan។
អ្នកនយោបាយ ដែលវិវឌ្ឍខ្លួនមកកីឡាករគ្រិកឃីតវ័យ ៧០ឆ្នាំរូបនេះ ត្រូវបានទម្លាក់ចេញពីអំណាចតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្ត ក្នុងសភា។ ចាប់តាំងពីអស់អំណាច លោក Khan ប្រឈមនឹងការប្ដឹង ក្នុងសំណុំរឿងជាង ១៥០ករណី ពីសំណាក់អង្គភាពរដ្ឋាភិបាលផ្សេងៗគ្នា ដោយរាប់តាំងពីករណីប្រមាថតុលាការ រហូតដល់ការបង្កអំពើភេរវកម្ម និងញុះញង់ឲ្យមានអំពើហិង្សា។
លោកកំពុងត្រូវបានឃុំខ្លួននៅឯពន្ធនាគារ ដែលមានសុវត្ថិភាពខ្ពស់ នៅភាគខាងកើតខេត្ត Punjab បន្ទាប់ពីត្រូវបានកាត់ក្ដីឲ្យជាប់ទោសរយៈពេល ៣ ឆ្នាំពីបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ៕

