ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើដល់ភាគីអាមេរិកបន្តជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សវិស័យសុខាភិបាល ជួយពង្រឹងបន្ថែមប្រព័ន្ធមន្ទីរពិសោធន៍កម្រិតអន្តរជាតិ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារសុខាភិបាល ជួយរៀបចំប្រព័ន្ធសុខភាពតាមបែបឌីជីថល។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ដាប់ប៊លយូ ផាទ្រីក ម៉ឺហ្វ៊ី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។
ជាកិច្ចចាប់ផ្តើមឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណដល់ស្ថានទូត និងប្រជាជនអាមេរិក ដែលបានចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក តាមរយៈការផ្តល់ជំនួយសហប្រតិបត្តិការបច្ចេកទេសដល់វិស័យសុខាភិបាលជាច្រើនតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (The United States Agency for International Development (USAID) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (Center for Disease Control and Prevention (USCDC) ជាដើម។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានបន្តថា ជំនួយសហប្រតិបត្តិការអាមេរិកសម្រាប់វិស័យសុខាភិបាលកម្ពុជា បានជួយដល់ការអភិវឌ្ឍ ពង្រឹងប្រព័ន្ធសុខាភិបាលឱ្យមានភាពធន់ និងទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ តាមរយៈ ៖
1. ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល
2. ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល
3. គម្រោងលើកកម្ពស់គុណភាព នៃសកម្មភាពថែទាំសុខភាព Enhancing Quality of Healthcare Activity (EQHA)
4. កម្មវិធីកែលម្អសុខភាពបន្តពូជ សុខភាពមាតា និងទារក
5. កម្មវិធីប្រយុទ្ធ នឹងជំងឺឆ្លង (របេង អេដស៏ និងគ្រុនចាញ់)និងជំងឺមិនឆ្លង
6. គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាពសុខភាព Health Equity and Quality Improvement Project (H-EQIP)
7. គាំទ្រមូលនិធិសមធម៌សុខាភិបាលដោយផ្ដល់ការគាំពារសុខភាពដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខភាពសាធារណៈតាមរយៈជំនួយក្នុងការផ្ដល់សេវា។
ជាមួយគ្នានោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសដែលឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល អាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តមបានវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍសង្គម ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា។ ជាពិសេសនៅក្នុងបរិបទនៃកូវីដ-១៩ សហរដ្ឋអាមេរិក បានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ Johnson Johnson មានចំនួនសរុប ១,០៦០,១០០ដូស និងវ៉ាក់សាំង Pfizer ចំនួន ២,០០០,០០០ ដូស តាមរយៈយន្តការ COVAX ។ ហើយសហរដ្ឋអាមេរិក នឹងបន្តជួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លើផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។ ទន្ទឹមនឹងនោះឯកឧត្តម ឯកអគ្គរដ្ឋទូត បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក លើវិស័យសុខាភិបាលបន្ថែមទៀត។
នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់សហរដ្ឋអាមេរិក ជាពិសេស ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា











