
កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រេសិតពិសេសរបស់ក្រុមឧទ្ទាមហ៊ូធី និងប្រទេសអូម៉ង់ បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់សាអូឌីត ដើម្បីព្យាយាមចរចាលើបទឈប់បាញ់អចិន្រ្តៃយ៍ ជាមួយក្រុមមន្រ្តីអារ៉ាប៊ីសាអូឌីត ក៏ដូចជាបញ្ចប់សង្រ្គាមនៅយេម៉ែន។ នេះបើយោងតាមការអះអាងរបស់មនុស្ស ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងកិច្ចប្រជុំមួយនេះ បានឲ្យដឹង ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមមន្រ្តីឧទ្ទាមហ៊ូធី ធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ ជាមួយនឹងក្រុមសម្របសម្រួលអូម៉ង់ ដែលបានចុះចតនៅទីក្រុង Sanaa កាលពីថ្ងៃព្រហស្បតិ៍ ។
ដំណើរទស្សនកិច្ចនេះដែរ គឺជាដំណើរផ្លូវការលើកដំបូងដោយក្រុមឧទ្ទាមហ៊ូធី ទៅកាន់រាជាណាចក្រមួយនេះ ចាប់តាំងពីសង្រ្គាម ផ្ទុះឡើងនៅក្នុងប្រទេសយេម៉ែនកាលពីឆ្នាំ ២០១៤ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានផ្តួលរំលំរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត នៅទីក្រុង Sanaa ។
កិច្ចខិតខំស្វែងរកសន្តិភាព ទទួលបានសន្ទុះខ្លាំង ចាប់តាំងពីគូប្រជែងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានយល់ព្រមបង្កើតទំនាក់ទំនងការទូតរបស់ពួកគេឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងមួយដែលរៀបចំឡើងដោយប្រទេសចិន ។ បទឈប់បាញ់អចិន្ត្រៃយ៍ នៅយេម៉ែន នឹងក្លាយជាព្រឹត្តការណ៍ធំ ក្នុងការធ្វើឲ្យស្ថិរភាពដល់តំបន់មជ្ឈិមបូព៌ាផងដែរ ។
សូមបញ្ជាក់ថា ភាគីបង្កសង្រ្គាម បានយល់ព្រមបទឈប់បាញ់កាលពីខែមេសាកន្លងទៅ ហើយបទឈប់បាញ់ នឹងផុតកំណត់នៅខែតុលាខាងមុខ ៕