
ក្បួនរថយន្តយោធានីហ៊្សេ បានបើកឆ្លងកាត់ទីក្រុងព្រំដែន Gaya ដើម្បីបង្ហាញកម្លាំងរបស់ខ្លួន ក្រោយក្រុមមេដឹកនាំរបបសឹកមួយនេះ ធ្វើឲ្យទំនាក់ទំនងកាន់តែធ្ងន់ធ្ងរជាមួយប្រទេសជិតខាងបេណាំង ។
ក្រុមមេដឹកនាំយោធានីហ៊្សេ ដែលបានផ្តួលរំលំប្រធានាធិបតីឈ្នះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យលោក Mohamed Bazoum កាលពីខែកក្កដានោះ និយាយថា ពួកគេនឹងបញ្ចប់កតិការសញ្ញាយោធាជាមួយប្រទេសបេណាំង ដោយពួកគេចោទប្រកាន់ប្រទេសមួយនេះថាបានអនុញ្ញាតឲ្យមានការដាក់ពង្រាយទាហាននៅលើដែនដីរបស់ពួកគេសម្រាប់លទ្ធភាពនៃការធ្វើអន្តរាគមន៍យោធា ប្រឆាំងរបបសឹកនីហ៊្សេ ដោយប្លុកតំបន់អាហ្វ្រិកខាងលិច ។
សូមបញ្ជាក់ថា ប្លុកតំបន់អាហ្វ្រិកខាងលិច បានព្យាយាមចរចាជាមួយក្រុមមេដឹកនាំរដ្ឋប្រហារកាលពីថ្ងៃទី ២៦ ខែកក្កដា ប៉ុន្តែពួកគេនិយាយថា បើសិនជាកិច្ចខិតខំផ្នែកការទូតពុំបានសម្រេច ពួកគេនឹងប្រើប្រាស់កម្លាំង ដែលជាជម្រើសចុងក្រោយ ដើម្បីស្តាឡើងវិញសណ្តាប់ធ្លាប់រដ្ឋធម្មនុញ្ញនីហ៊្សេ។
របបសឹកនីហ៊្សេ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសបេណាំង បានអនុញ្ញាតឲ្យមានការដាក់ពង្រាយទាហាន ទាហានស៊ីឈ្នួល និងគ្រឿងយុទ្ធោបករណ៍ នៅក្នុងបរិបទមួយដែលអាចមានការធ្វើអន្តរាគមន៍របស់ប្លុកតំបន់អាហ្វ្រិកខាងលិច ៕