
អ្នកនាំពាក្យការិយាល័យស្ថិតិរបស់ប្រទេសចិន បាននិយាយ នៅថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) នេះ ថា សេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេស កំពុងល្អប្រសើរឡើងវិញ ប៉ុន្តែនៅប្រឈមនឹងភាពស្មុគស្មាញជាច្រើនដដែល។
អ្នកនាំពាក្យការិយាល័យស្ថិតិជាតិលោក Fu Linghui បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងថា ប្រទេសចិនគួរតែផ្តោតលើការបង្កើនតម្រូវការក្នុងស្រុក។
សូមបញ្ជាក់ថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសចិនបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីជួយជំរុញដល់គំនិតចង់ទិញផ្ទះ ដោយក្នុងនោះរួមទាំងការកែសម្រួលច្បាប់ខ្ចីប្រាក់មួយចំនួន និងការបន្ធូរបន្ថយច្បាប់ត្រួតពិនិត្យលើការទិញផ្ទះ នៅក្នុងទីក្រុងមួយចំនួន។
ការដាក់ចេញនេះ គឺជាផ្នែកមួយនៃវិធានការគាំទ្រយ៉ាងទូលំទូលាយដល់ទីផ្សារអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះ ពោលគឺជាទីផ្សារ ដែលស្មើនឹងមួយភាគបួននៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ហើយវិធានការនេះ រួមមានការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ ដែលមានស្រាប់ផងដែរ៕