
អ្នកស្ម័គ្រចិត្ដហ្វីលីពីនរាប់សិបនាក់ បានចូលរួមក្នុងការយុទ្ធនាការបោសសម្អាតតាមបណ្តោយឆ្នេរសមុទ្រមួយ នៅជាយក្រុងម៉ានីល ដើម្បីប្រារព្ធទិវាសម្អាតឆ្នេរសមុទ្រអន្តរជាតិ នៅថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) នេះ។
កាកសំណល់ប្លាស្ទិកជាង ៥០ការ៉ុង ដែលភាគច្រើនជាកំប៉ុង ឬកែវ និងប្រអប់ប្លាស្ទិក ដែលប្រើបានតែម្ដង ត្រូវបានអ្នកស្ម័គ្រចិត្តទាំងនោះដើរប្រមូល អំឡុងពេលធ្វើការសម្អាត។
លោក Robert Medrano មកពីអង្គការផ្នែកបរិស្ថាន Earth Island Institute Asia Pacific បានជំរុញឲ្យអ្នកស្រុកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលប្រើបានតែម្ដង ហើយប្តូរទៅប្រើប្រាស់សម្ភារៈ ដែលអាចប្រើបានច្រើនដងជំនួសវិញ។ ជាមួយគ្នានេះ លោក Medrano ក៏បានអំពាវនាវឲ្យសាជីវកម្មជ្រើសរើសជម្រើសផ្សេងទៀត ដែលមិនផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន ជំនួសឲ្យការវេចខ្ចប់ដោយប្លាស្ទិក។
សូមបញ្ជាក់ថា ទិវាសម្អាតឆ្នេរសមុទ្រអន្តរជាតិ (International Coastal Cleanup Day) គឺជាព្រឹត្តិការណ៍សកលមួយ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃសៅរ៍សប្ដាហ៍ទី៣ នៃខែកញ្ញា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសំរាម ដែលមានកាន់ច្រើនឡើង និងដែលប៉ះពាល់ដល់ឆ្នេរសមុទ្រ ជុំវិញពិភពលោក៕