
លោក Rishi Sunak បាននិយាយថា លោក «ដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងយ៉ាងជាក់លាក់ដល់របៀបរស់នៅបែបប្រជាធិបតេយ្យ និងបើកចំហរបស់យើង» ដែលបង្កឡើងដោយរបបកុម្មុយនីស្តចិន។
លោក Sunak កំពុងឆ្លើយតបទៅនឹងការចេញរបាយការណ៍អវិជ្ជមានមួយស្តីពីយុទ្ធសាស្ត្រចិនរបស់ចក្រភពអង់គ្លេស ដោយគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ និងសន្តិសុខរបស់សភា (ISC)។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា បណ្ដារដ្ឋមន្ត្រីនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារប្រទេសពីសកម្មភាពរបស់រដ្ឋបរទេស។ លោកកំពុងប្រឈមនឹងការអំពាវនាវពីសមាជិកនៃគណបក្ស Tories (គណបក្សអភិរក្ស និងសហភាពនិយម) មួយចំនួន ឲ្យចាត់ថ្នាក់ប្រទេសចិនផ្លូវការថា ជា «ការគំរាមកំហែង» មួយ។
តែលោក Sunak បានបដិសេធមិនទទួលយកវិធានការនេះទេ ជំនួសមកវិញដោយពណ៌នាប្រទេសចិនថា ជា«បញ្ហាប្រឈមក្នុងសម័យកាលដ៏សំខាន់ និងជាប្រព័ន្ធ» ខណៈពេលដែលរូបលោកទទួលស្គាល់ពីការតម្រូវឲ្យមានការចូលរួមជាមួយប្រទេសមហាអំណាច។
កាលពីថ្ងៃពុធ (ទី១៣ ខែកញ្ញា) ប្រធានគណបក្សការងារ លោក Keir Starmer បាននិយាយយោងដល់របាយការណ៍របស់ ISC ខណៈដែលរូបលោកបានចោទប្រកាន់នាយករដ្ឋមន្រ្តីថា មិនបានយកចិត្តទុកដាក់ដល់សញ្ញាព្រមានអំពីប្រទេសចិន ដែលធ្វើឲ្យចក្រភពអង់គ្លេសឃា្លតឆ្ងាយពីបញ្ហាសន្តិសុខដ៏គួរឲ្យបារម្ភ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យមានការធ្វើសវនកម្មលើទំនាក់ទំនង រវាងអង់គ្លេស និងចិនផងដែរ។
សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ មានព័ត៌មានលេចឮមកថា នគរបាលបានចាប់ខ្លួនអ្នកស្រាវជ្រាវម្នាក់ ដែលធ្វើការនៅក្នុងសភាក្រោមច្បាប់សម្ងាត់របស់រដ្ឋ ស្របពេលមានការអះអាងថា បុរសនោះ កំពុងធ្វើចារកម្មឲ្យប្រទេសចិន៕