
មេដឹកនាំគណបក្សប្រឆាំងអង់គ្លេស លោក Keir Starmerបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលការងារ នឹងបង្កើតអង្គភាពនគរបាលថ្មី ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ហើយលោកបានលើកឡើងថា លោកស្វាគមន៍ការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងសម្រាប់ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនជាមួយសហភាពអឺរ៉ុប ដើម្បីដោះស្រាយវិបត្តិមួយនេះ ។
ក្រោយកិច្ចប្រជុំនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ជាមួយក្រុមមន្រ្តីមកពីកម្លាំងនគរបាលសហភាពអឺរ៉ុប លោក Starmer និយាយថា រដ្ឋាភិបាលអភិរក្សនិយម បានបាត់បង់ការគ្រប់គ្រងព្រំដែនរបស់ពួកយើង ដូចដែលមើលឃើញចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ បានឆ្លងកាត់ព្រែកជីកអង់គ្លេស ។
ខណៈពេលនោះដែរ លោក Starmer បានចាត់ទុកសេចក្តីអធិប្បាយពីរដ្ឋាភិបាលអភិរក្សនិយមថាការទទួលបន្ទុកពីផែនការរបស់លោក អាចបើកផ្លូវសម្រាប់ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន១ម៉ឺននាក់ចូលអង់គ្លេសនោះ ថាជារឿងដ៏គួរឲ្យអាម៉ាស់បំផុត ។
សូមបញ្ជាក់ថា វិធីដោះស្រាយការធ្វើអន្តោប្រវេសន៍ខុសច្បាប់ នឹងក្លាយជាវេទិកាជជែកដេញដោលដ៏សំខាន់មួយសម្រាប់គណបក្សការងារ និងគណបក្សអភិរក្សនិយម នៅការបោះឆ្នោតសកលឆ្នាំក្រោយ ក្នុងនោះប្រជាពលរដ្ឋអង់គ្លេសជាច្រើន បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងរបស់ពួកគេ ចំពោះការផ្តល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍នៅតាមសណ្ឋាគារថ្លៃៗ ៕