
ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែកញ្ញា) បានកោតសរសើរដល់ «តម្លាភាព» របស់ប្រទេសជប៉ុន ជុំវិញការបញ្ចេញទឹក ដែលបានធ្វើប្រព្រឹត្តិកម្មរួចហើយពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ដោយការបង្ហូរនេះ ទទួលរងការរិះគន់ទាំងកំហឹង ពីសំណាក់ប្រទេសចិន និងមានការតវ៉ាពីប្រជាជន នៅក្នុងតំបន់។
ស្ត្រីនាំពាក្យរបស់ក្រសួងការបរទេស បាននិយាយថា ទីក្រុងប៉ារីស «មានបំណងគូសបញ្ជាក់នូវកិច្ចប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការធ្វើឲ្យប្រាកដថា ប្រតិបត្តិការនេះគោរពតាមទាំងស្រុងនូវលក្ខណៈវិនិច្ឆ័យខ្ពស់បំផុតនៃសុវត្ថិភាពនុយក្លេអ៊ែរ និងការការពារប្រឆាំងនឹងវិទ្យុសកម្ម»។
លោកស្រីអ្នកនាំពាក្យ បានបន្ថែមថា ប្រទេសបារាំង «បញ្ជាក់ជាពិសេសចំពោះតម្លាភាព ដែលបង្ហាញដោយបណ្ដាក្រុមនានារបស់ជប៉ុន នៅក្នុងការងាររបស់ពួកគេជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែសីហា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកខ្លះចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៃទឹកសំណល់ ១,៣៤លានតោន ដែលបានប្រមូលផ្ដុំទុក គិតចាប់តាំងពីរលកយក្សស៊ូណាមិ បានធ្វើរោងចក្រហ្វូគូស៊ូម៉ានេះខូចខាត ក្នុងឆ្នាំ២០១១។
ប្រទេសជប៉ុន បាននិយាយម្ដងហើយម្ដងទៀតថា ការបង្ហូរទឹកនេះ គឺសុវត្ថិភាព ពោលគឺជាការត្រួតពិនិត្យ ដែលគាំទ្រដោយទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិ ប៉ុន្តែប្រទេសចិន មិនយល់ស្របតាមនោះទេ ដោយចោទប្រកាន់ថា ការធ្វើបែបនោះ ចាត់ទុកសមុទ្រដូចជា «លូបង្ហូរទឹកមិនល្អ» ហើយជាវិធានការឆ្លើយតបបានហាមឃាត់ការនាំចូលអាហារសមុទ្រគ្រប់យ៉ាងពីប្រទេសជិតខាងរបស់ខ្លួនមួយនេះ។
ដំណាក់កាលដំបូងនៃការបញ្ចេញទឹកនេះ បានបញ្ចប់សព្វគ្រប់ហើយ កាលពីថ្ងៃទី១១ ខែកញ្ញា ដោយមិនទាន់កំណត់កាលបរិច្ឆេទ សម្រាប់ការបង្ហូរបន្ថែមនាពេលបន្ទាប់នោះទេ ខណៈដែលគេរំពឹងថា ប្រតិបត្តិការនេះ នឹងបន្តរយៈពេលអស់ជាច្រើនទសវត្សរ៍៕